(ប៉េកាំង)៖ នាយករដ្ឋមន្រ្តី​ចិន​លោក Li Keqiang បានថ្លែងនៅ​ថ្ងៃពុធនេះ​ថា​ រដ្ឋាភិបាល​ទីក្រុងប៉េកាំង​មិនចង់ឃើញ​សង្គ្រាមផ្នែក​ពាណិជ្ជ​កម្ម​ផ្ទុះឡើង​ រវាងមហាអំណាចសេដ្ឋកិច្ច​ពិភពលោក​លេខ១ និងមហាអំណាច​ពិភពលោកលេខ​២នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​មួយនៅក្រោយ​ការបិទបញ្ចប់​ សម័យប្រជុំប្រចាំ​ឆ្នាំនៃសភាជាតិ​ចិនលោក Li បានថ្លែង​ថា សង្រ្គាមពាណិជ្ជកម្ម​នឹង​មិនអាចជួយ​អ្វី​បាន ដើម្បី​ឲ្យការធ្វើពាណិជ្ជកម្ម​រវាងប្រទេសចិន​ ក៏ដូចជា​សហរដ្ឋអាមេរិក មានភាពប្រសើរ​ឡើង ឬក៏សុក្រឹត្យ​​ជាងនេះទៀត​​​នោះ​ឡើយ។ លោក Li Keqiang បានលើក​ឡើងទៀតថា បើសិនជា​មានសង្រ្គាម​ពាណិជ្ជកម្មមែន​នោះ អ្នកដែលរង​គ្រោះធ្ងន់ធ្ងរ​ដំបូងគេគឺ​​ក្រុមហ៊ុន​ដែលមានការបណ្តាក់ទុន​ពីក្រៅប្រទេស ជាពិសេសគឺ​ក្រុមហ៊ុនអាមេរិក​តែម្តង។

ជាចុងក្រោយ​លោកនាយករដ្ឋមន្រ្តី​ចិនបានបង្ហាញក្តី​សង្ឃឹមដូច្នេះថា «ទោះបីជា​ទំនាក់ទំនង​ចិន-អាមេរិក​បានឆ្លងកាត់​ព្យុះភ្លៀង​យ៉ាងណាក្តី​ យើងនៅតែសង្ឃឹមថា​ ចំណងទាក់ទងនេះ​នឹងនៅតែបន្ត​ឆ្ពោះទៅ​រកគោលដៅ​វិជ្ជមាននា​ពេលអនាគត» ។ លោក Li បានគូសបញ្ជាក់ថា​ ​ប្រ​ជាជន​​នៃ​ប្រទេសទាំងពីរ​មានប្រាជ្ញា​ស្មារតី​ច្បាស់លាស់ ដើម្បីគ្រប់គ្រង​ភាពខុសគ្នា​របស់ពួកគេ ហើយនា​ពេលបច្ចុប្បន្ន​ក៏មានតម្រូវការ​​ក៏ដូចជាកាលៈ​ទេសៈ​ជាច្រើន ទាមទារ​ឲ្យពួកយើង​បន្តធ្វើការបង្កើន​ផលប្រយោជន៍​រួមគ្នាផងដែរ៕