(អាមេរិក)៖ ក្រុមអ្នកវិទ្យាសាស្រ្ត​របស់ទីភ្នាក់ងារ​អវកាស NASA នឹងជួបជា​មួយអ្នកតំណាង​មកពី​វិទ្យាស្ថានស្រាវជ្រាវ​ទីអវកាស (IKI) នៃ​បណ្ឌិត​សភាវិទ្យាសាស្រ្ត​រុស្ស៊ីក្នុង​សប្តាហ៍នេះ ដើម្បីបន្ត​ធ្វើការជជែក​ពិភាក្សាគ្នា​អំពីលទ្ធភាព​នៃកិច្ចសហប្រតិបត្តិការ​លើបេសកកម្ម​មាន​ឈ្មោះ​ថា​ Venera-D ទៅកាន់​ភពសុក្រ​របស់វិទ្យាស្ថាន IKI។ នេះបើតាម​សេចក្តីប្រកាស​របស់មន្រ្តី​អង្គការ NASA កាលពី​សប្តាហ៍មុន ដែល​ត្រូវបាន​ដកស្រង់ដោយ​គេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

ដោយឡែក​នៅក្នុងបណ្តា​បេសកកម្ម Venera ដែលត្រូវ​បានអភិវឌ្ឍន៍​ឡើងកាលពី​ចន្លោះឆ្នាំ១៩៦១​ និងឆ្នាំ១៩៨៣ ប្រទេស​រុស្ស៊ី​​បានបាញ់​​បង្ហោះ​​យាន​អវកាស​​ចំនួន​​១៦​គ្រឿង​ដើម្បីប្រមូល​ទិន្នន័យ​ពីភព​សុក្រ ដោយរួមបញ្ចូល​ទាំងយានអវកាស​តែមួយគត់ ដែលបានចុះចត​ដោយ​ជោគជ័យ​ នៅលើផ្ទៃដី​នៃភពដ៏សែនក្តៅ​នេះផងដែរ។ ​យ៉ាងណា​មិញ​បេសកកម្ម Venera-D របស់វិទ្យាស្ថាន​ស្រាវជ្រាវ IKI ត្រូវបាន​កំណត់ថា​នឹងចាប់ផ្តើម​នៅពេលណាមួយ​ក្នុងចន្លោះ​ឆ្នាំ២០២០ និងឆ្នាំ២០២៩ ហើយបេសកកម្ម​នេះនឹង​មានទាំងយាន​អវកាស​សម្រាប់​ហោះជុំវិញ ក៏​ដូចជាយាន​សម្រាប់​ចុះចត ហើយប្រហែល​ជាអាចមាន​ទាំងយន្តហោះ​អវកាស​ដើរ​ ដោយថាមពល​ព្រះអាទិត្យ​មួយទៀតផងដែរ ដែលនឹង​ហោះឆ្លង​តាត់បរិយាកាស​ស្រទាប់ខាងលើ​នៃភពសុក្រ។

លោក Adriana Ocampo ប្រធានក្រុមការងារចម្រុះដែលកំពុងធ្វើការទៅលើរបាយការណ៍ ស្តីពីសារៈសំខាន់​នៃភពជាដៃគូរវាង​ទីភ្នាក់ងារ​អវកាស​អាមេរិក​ និងរុស្ស៊ីបានថ្លែងថា «កិច្ចសហប្រតិបត្តិការ​ដ៏សំខាន់នេះ​នឹងបង្កើតចេញ​នូវភាព​ជាដ៏គូដ៏​វិសេសវិសាល​មួយ ដែលអាច​ទទួល​បានសមិទ្ធផល​វិទ្យាសាស្រ្ត​ប្រកបដោយ​ភាពប្រសើរ​ទាំងស្រុង​ពីបេសកកម្ម Venera-D និងបន្តការរុករកស្រាវជ្រាវ​ នៃភពដ៏សំខាន់មួយ​នេះ​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យ​របស់យើង​»

គួរបញ្ជាក់ថា ភពផែនដី​ និងភពសុក្រមានលក្ខណៈស្រដៀងគ្នា​ជាច្រើន រួមមានទំហំ សមាសធាតុផ្សំ និងរយៈចម្ងាយ​ធៀបនឹងព្រះអាទិត្យ​​របស់ភពទាំងពីរជាដើម ក៏ប៉ុន្តែបរិយាកាស​នៃភពសុក្របាន​ទទួលរងឥទ្ធិពល​នៃឧស្ម័នផ្ទះកញ្ចប់​ដ៏ច្រើនលើសលប់ ដែលបង្កឲ្យ​សីតុណ្ហ​ភាព​នៅផ្ទៃស្រទាប់​ខាងលើ​នៃភពមួយនេះក្តៅខ្លាំង​ រហូតអាចរំលាយសំណ​បានយ៉ាងងាយ ហើយម៉្យាងវិញ​ទៀតភពសុក្រ​មានកម្តៅក្តៅ​ជាង​ភពពុធ​ទៅទៀត ទោះបីជាភព​ពុធស្ថិតនៅក្បែរ​ព្រះអាទិត្យជាង​វាក៏ដោយ៕