(តៃប៉ិ)៖ របាយការណ៍​នៃក្រសួងការពារជាតិ​កោះតៃវ៉ាន់ បានបង្ហាញចេញ​នៅព្រឹកថ្ងៃពុធនេះ​ថា ប្រទេសចិន​កំពុងតែបង្កើន​សកម្មភាពយោធា​តាមរយៈការបញ្ជូននាវា និងយន្តហោះចម្បាំងកាន់តែច្រើន​មកព័ទ្ធជុំវិញ​កោះដែលគ្រប់គ្រង​រដ្ឋបាលទាំង​ស្រុង​ដោយខ្លួនឯងនេះ។ នេះបើតាមការ​ផ្សាយរបស់ Channel News Asia ដកស្រង់ព័ត៌មាន​ចេញផ្សាយ​ផ្តាច់មុខដោយ Reuters នាព្រឹក​ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

របាយការណ៍​ការពារជាតិ​បឋមនៅ​ដើម​ឆ្នាំ២០១៧ របស់កោះតៃវ៉ាន់​ក៏បាន​លើកឡើង​ផងដែរ ចំពោះភាព​មិនទាន់​ច្បាស់លាស់​ របស់គោលនយោបាយ​​ជាយុទ្ធសាស្ត្រ​របស់អាមេរិក​នៅក្នុងតំបន់ ប៉ុន្តែអ្វី​ដែលបាន​កើតមានឡើង​រួចមកហើយ​នោះ គឺសហរដ្ឋ​អាមេរិក​​បាន​សម្រេច​បង្កើន​ឥទ្ធិពលយោធា​បន្ថែមឲ្យប្រទេស​ជប៉ុនដើម្បី​ទប់ទល់នឹង​ប្រទេសចិន ខណៈបញ្ហា​ជម្លោះសមុទ្រចិន​ខាងត្បូង​ក៏អាមេរិកនៅតែ​បន្តយកចិត្ត​ទុកដាក់ខ្លាំងដូចកាលពីអាណត្តិមុន​ផងដែរ។

គួរបញ្ជាក់ថា​របាយការណ៍​របស់ក្រសួងការពារ​​កោះតៃវ៉ាន់​ខាងលើនេះ នឹងត្រូវបញ្ជូន​ទៅ​កាន់​រដ្ឋសភា​ធ្វើការ​​ពិភាក្សា​ស្វែងយល់​នៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។ សារៈសំខាន់​គោលៗ​នៅក្នុងរបាយការណ៍​ថ្មី​នេះបាន​បញ្ជាក់យ៉ាង​ដូច្នេះថា «សកម្មភាពថ្មីៗ​នេះ​របស់យន្តហោះ​ចម្បាំងចិន និងនាវា​ជាច្រើនគ្រឿង​​ជុំវិញកោះ​តៃវ៉ាន់បាន​បង្ហាញពីការគំរាមកំហែង​ដោយយោធា កាន់តែខ្លាំង​ឡើង​​ពីសំណាក់​ទីក្រុងប៉េកាំង»។

កោះតៃវ៉ាន់ក៏បាន​សង្កត់ធ្ងន់​ទៀតថា ការគំរាមកំហែង​មកលើកោះ​នេះ វាក៏ប្រៀបបាន​ទៅនឹង​ការគំរាម​កំហែងដល់​សន្តិសុខ​ក្នុងតំបន់​​ទាំងមូល​ផងដែរ។ ប្រទេសចិន​បានចាប់​ផ្តើម​ប្រើប្រាស់​​កម្លាំង​យោធា​​ចល័ត​នៅតំបន់ជុំវិញ​កោះតៃវ៉ាន់ (ដែលតាម​ច្បាប់​អន្តរជាតិ​ គ្រាន់តែជាខេត្ត​មួយរបស់ចិនប៉ុណ្ណោះ) បន្ទាប់ពី​លោកស្រី ត្សៃ ប្រធានាធិបតី​បានបង្ហាញ​ភាពស្និទ្ធស្នាល​នឹងលោក ដូណាល់ ត្រាំ មិនធ្លាប់មាន​​កាលពី​លោក ត្រាំ រៀបចំ​ឡើងស្បថកាន់តំណែង​​ជាប្រធានាធិបតី​​អាមេរិក​ដំបូងៗនោះ ប៉ុន្តែទីក្រុង​ប៉េកាំង​អះអាងថា សកម្មភាព​​ចល័តយន្តហោះ និងនាវា​របស់ខ្លួន​ជារឿងធម្មតា​ ដើម្បីការពារសន្តិសុខ​​ក្នុងតំបន់​ប៉ុណ្ណោះ៕