(សេអ៊ូល)៖ នាវាផ្ទុក​យន្ដហោះចម្បាំង​អាមេរិក​ដើរដោយថាមពល​នុយក្លេអ៊ែរ USS Carl Vinson បានធ្វើ​ដំណើរទៅ​ដល់កំពុងផែទីក្រុងប៊ូសាន ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូងហើយនៅថ្ងៃពុធនេះ ដើម្បី​ត្រៀមចូលរួម​ក្នុងសមយុទ្ធយោធា​បង្ហាញសាច់ដុំដាក់​កូរ៉េខាងជើង ជាទ្រង់ទ្រាយធំ​ប្រចាំឆ្នំា​រវាង​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន បើទោះបីជាទីក្រុង​ព្យុងយ៉ាង​ព្រមានធ្វើការ​វាយប្រហារសង​សឹក​ឥតសម្ចៃនោះក៏ដោយ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ប្រភពពីយោធា​កូរ៉េខាងត្បូង ក្នុងរយៈពេល​៣០នាទី យន្ដហោះចម្បាំង​ជាច្រើន បានហោះហើរ​ចាកចេញ​ និងចុះចតលើ​នាវា USS Carl Vinson ហើយដែលនេះ​គឺជាផ្នែកមួយ​នៃការពង្រឹងសមត្ថភាព​ហោះហើរ ការធ្វើសញ្ញា​ដោយដៃ និងការផ្ដល់​ជំនួយ​ដល់ពីឡុត ដើម្បីបង្ហាញពី​ប្រតិបត្តិការ​ហោះហើរនៃ​យន្ដហោះ​ចម្បាំង F/A-18 Super Hornet និងយន្ដហោះ​ប្រកាស​សញ្ញាអាសន្ន E-2 Hawk Eye។ ​បន្ថែមពី​លើនេះ​នៅថ្ងៃពុធនេះ​ដែរ ថ្នាក់ដឹកនាំយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏បានអះអាង​ឡើងវិញផងដែរ ពីការប្ដេជ្ញាចិត្តពង្រឹងសម្ព័ន្ធភាព និងសមត្ថភាពការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមកំហែង​ពីសំណាក់កូរ៉េខាងជើង។

គួរបញ្ជាក់ថា​សមយុទ្ធយោធា​ប្រចាំឆ្នាំ Foal Eagle ត្រូវបានធ្វើឡើង​នៅចំពេល​ដែលឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅ​កាន់តែខ្លាំង ក្រោយពេលកូរ៉េខាងជើងបាញ់​សាកល្បងមីស៊ីល​០៤គ្រាប់ ធ្លាក់ចូលក្នុង​សមុទ្រជប៉ុន និងការដំណើរ​ការនីតិវិធី​ដំឡើងប្រព័ន្ធ THAAD នៅលើទឹកដីកូរ៉េខាងត្បូង។ សមយុទ្ធយោធា Foal Eagle នឹងត្រូវបញ្ចប់នៅដំណាច់ខែមេសា ខាងមុខនេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថាតើ​កូរ៉េខាងជើង នឹងប្រើវិធានការណ៍អ្វីចំពោះសមយុទ្ធប្រចាំឆ្នាំដ៏ធំនោះ៕