(វ៉ាស៊ីនតោន)៖ អតីតរដ្ឋបាល​របស់លោក បារ៉ាក់ អូបាម៉ា មិនសូវជា​បានឆ្លើយតប​ទៅនឹងសំណើ​ជាសាធារណ​នោះទេ ពាក់ព័ន្ធនឹង​របាយការណ៍​រដ្ឋាភិបាល អាមេរិកនៅ​អំឡុងឆ្នាំចុងក្រោយ​នៃអាណត្តិ​ជាប្រធានាធិបតី​អាមេរិក​របស់លោក ដោយថែម​ទាំងបាន​ចំណាយប្រាក់ ៣៦.២លានដុល្លារ​ដើម្បីរក្សាឯកសារ​សម្ងាត់​ទៀតផង។ នេះបើតាម​របាយការណ៍​តម្លាភាព​ថ្មី​មួយនៃ Sunshine Week ដកស្រង់​ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

ជុំវិញបញ្ហានេះដែរកាលពីថ្ងៃអង្គារ​ទីភ្នាក់ងារ​សារព័ត៌មាន AP បានរាយការណ៍ថា នៅអំឡុងពេល​នៃការចាប់ផ្ដើម​អាណត្តិដំបូង​ជាប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា បានដាក់ការកំណត់​លើកំណត់ត្រាណាខ្លះដែលត្រូវទទួលការ បដិសេធ ពន្យាពេល ឬក៏បង្កជា​​ឧបសគ្គ​សម្រាប់អ្នក​ស្នើសុំឯកសារ​ពីរដ្ឋាភិបាល​​ដែលធ្វើឡើង​​ដោយ​ផ្អែកលើ​ច្បាប់​សេរីភាព​​ព័ត៌មាន (FOIA) ជាដើម។

គួរបញ្ជាក់ថា​បើតាម AP ក្រសួងយុត្តិធម៌​អាមេរិក បានចាយប្រាក់ ១២លានដុល្លារ ដើម្បីរក្សា​ឯកសារ​សម្ងាត់ពីសាធារណៈ ខណៈក្រសួង​សន្តិសុខ​មាតុភូមិ​ចំណាយថវិកា​អស់ ៦.៣លានដុល្លារ និងក្រសួងការពារជាតិ ៤.៨លានដុល្លារ នៅក្នុងបរិបទ​ដែលក្រសួងទាំងបីនេះ បានទទួល​សំណើនៃ FOIA ច្រើនជាងពាក់​កណ្ដាលកាលពី​ឆ្នាំ២០១៦។ ការព្យាយាមលាក់ឯកសារសម្ងាត់នេះ គឺជារឿងធម្មតា​ទៅ​ហើយសម្រាប់អាណត្តិប្រធានាធិបតីអាមេរិកនីមួយៗ ប៉ុន្តែការរឹតបន្តឹង​ក៏ត្រូវបានគេមើលឃើញថា កាន់តែកើន​ឡើងផងដែរ ជាពិសេសចំពោះសារព័ត៌មានមួយចំនួននៅអាមេរិក៕