(វ៉ាស៊ីនតោន)៖ សេតវិមាន​បានឲ្យដឹងនៅ​ថ្ងៃអង្គារ​សប្តាហ៍នេះថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានបង់ពន្ធជូន​រដ្ឋចំនួន​ ៣៨លានដុល្លារ​លើប្រាក់​ចំណូល​ដែលរូបលោក​រកបាន​ចំនួនជាង ១៥០​លាន​ដុល្លារ​​កាលពី​ឆ្នាំ២០០៥ ខណៈវា​​គឺ​ជា​ការ​​ឆ្លើយ​តប​​​ទៅ​នឹង​សេចក្តី​រាយ​ការណ៍​​របស់​ស្ថានីយ៍​ទូរទស្សន៍ MSNBC ដែលបាន​ចុះផ្សាយថា​ ប្រព័ន្ធផ្សព្វផ្សាយ​នេះ​​ទទួល​បាន​​ក្រដាស​​ចំនួន​​ពីរទំព័រ​ស្តីពីការបង់ពន្ធ​របស់លោក ត្រាំ និងដើម្បីបង្ហាញអតីតភាពស្របច្បាប់របស់​លោកផងដែរ។ នេះបើតាម​ការចេញផ្សាយ​​ដោយ​សារព័ត៌មាន BBC នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

ពិធីការិនី​របស់ស្ថានីយ៍​ទូរទស្សន៍ MSNBC លោកស្រី Rachel Maddow បាននិយាយថា​ លោកស្រី​បានទទួល​ឯកសារ​ខាងលើពី​​អ្នក​សារ​ព័ត៌​មាន​​ម្នាក់​​ឈ្មោះថា David Cay Johnston ដែលបាន​ធ្វើការអះអាង​នៅក្នុងកម្មវិធី​របស់​លោកស្រីថា រូបលោក​ទទួលបាន​ពួកវាតាម​រយៈសារ​អ៊ីម៉ែល​។ វិក័យប័ត្របង់ពន្ធ​ដែល MSNBC បានបង្ហោះ​នៅលើគេហទំព័រ​របស់ខ្លួនបានបង្ហាញថា ​លោក ដូណាល់ ត្រាំ បានបង់ពន្ធ​ក្នុងអត្រា​២៥ភាគរយ​ដែលជាកម្រិត​ដ៏សាកសម ហើយជុំវិញ​បញ្ហានេះសេតវិមាន​អាមេរិកបាន​ចេញសេច​ក្តីថ្លែងការណ៍ថា លោក ត្រាំ ក្នុងនាមជា​​ថ្នាក់​ដឹកនាំមុខជំនួញ​ដ៏ធំមហាសាល Trump Organization មានកាតព្វកិច្ច​បង់ពន្ធមិនលើស​ពីអ្វីដែលច្បាប់​កំណត់នោះ​ឡើយ។

គួរបញ្ជាក់ដែរថា កាលពីអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធ​មិនធ្វើការ​បញ្ចេញ​វិក័យប័ត្របង់ពន្ធ​លើប្រាក់ចំណូល​ជូនរដ្ឋរបស់​លោកឡើយ។ ម៉្យាងវិញទៀត​ក៏ធ្លាប់មានព័ត៌មាន​ចុះផ្សាយដែរថា​លោក ដូណាល់ ត្រាំ បានចេញរបាយការណ៍​ពីការខាត់ប្រាក់​យ៉ាងច្រើនសន្ធឹក​សន្ធាប់​កាលពីឆ្នាំ១៩៩៥ ដែលទំនងជា​បានអនុញ្ញាត​ឲ្យលោក ត្រាំ រួចផុតពី​ការ​​បង់ពន្ធអស់រយៈពេល​ដល់ទៅ​១៨ឆ្នាំ៕