(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញា​កូរ៉េខាងត្បូង​នៅថ្ងៃពុធនេះ បានសម្រេចចិត្ត​កោះហៅ​អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ឱ្យមក​បំភ្លឺក្នុង នាមជា​ជនសង្ស័យ​ពាក់ព័ន្ធនឹង​សំណុំរឿងពុក​រលួយនយោបាយ​ជាមួយមិត្តភក្តិរាប់ទសវត្សរ៍ គឺលោកស្រី ឆយ ស៊ូនស៊ីល ដែលជាមូលហតុធ្វើឱ្យលោកស្រី ត្រូវគេទម្លាក់ចេញពីតំណែងជាផ្លូវការ កាលពី​សប្ដាហ៍មុន ហើយប្រភពជិតស្និទ្ធ​នឹងលោកស្រី ផាក ក៏បានបង្ហើប​នៅថ្ងៃដដែល​នេះដែរថា លោកស្រីយល់ព្រម​សហការ​ជាមួយក្រុម​រដ្ឋអាជ្ញា​ជានិច្ច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧។

យោងតាមក្រុម​រដ្ឋអាជ្ញា​លោកស្រី ផាក នឹងត្រូវបង្ហាញខ្លួន​នៅក្នុងការសួរ​ចម្លើយ​នៅម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២១ ខែមីនា។ ចំណែកឯក្រុម​មេធាវីរបស់​លោកស្រី ផាក ក៏បាន​បញ្ជាក់រួចហើយ​ដែរថា លោកស្រី​នឹងធ្វើកិច្ច​សហការ​ជាមួយក្រុម​រដ្ឋអាជ្ញា។ ដូច្នេះបើសិនជា​លោកស្រី ផាក ពិតជា​បង្ហាញខ្លួនមែន នោះលោក​ស្រីនឹងក្លាយជា​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​ទី០៤ ដែលត្រូវបាន​រដ្ឋអាជ្ញា​សួរចម្លើយ​បន្ទាប់ពីលោក Roh Tae-woo, លោក Chun Doo-hwan និងលោក Roh Moo-hyun ដែលសុខចិត្ត​លោតជ្រោះ​សម្លាប់ខ្លួនឯង​កាលពី​ឆ្នាំ២០០៩ ក្រោយពេល​ត្រូវបានសួរ​ចម្លើយដោយ​ក្រុមរដ្ឋអាជ្ញា​ជុំវិញរឿង អាស្រូវ​ពុករលួយ​ប្រព្រឹត្តដោយ​ក្រុមគ្រួសារ​របស់លោក។

គួរបញ្ជាក់ថា​ចៅក្រមតុលាការ​ធម្មនុញ្ញ​ទំាង០៨នាក់ បានយល់​ព្រមជា​ឯកច្ឆន្ទទម្លាក់​លោកស្រី ផាក គឺនហេ ចេញពីតំណែង​ជាប្រធានាធិបតី​ស្ត្រីកូរ៉េខាងត្បូង​ដំបូងគេ​បំផុត។ មួយវិញទៀត​តាមរយៈការ​សម្រេចចិត្តនេះ លោកស្រី​មិនមានអភ័យ​ឯកសិទ្ធិទៀត​នោះទេ​ ដែលនេះនឹង​បើកផ្លូវឱ្យក្រុម​រដ្ឋអាជ្ញាអាច​ធ្វើការចោទ​ប្រកាន់ផ្លូវការ​ប្រឆាំងនឹង​លោកស្រី​ពីបទពុករលួយ រំលោភអំណាចរដ្ឋ ហើយបើ​សិនជាគេរកឃើញ​កំហុសដូចការ​ចោទប្រកាន់ នោះលោកស្រី​នឹងត្រូវប្រឈមមុខ​នឹងការឡើងតុលាការ បើទោះជា​លោកស្រី ផាក ផ្ទាល់ធ្លាប់អះអាងថា​មិនបានធ្វើខុស​អ្វីក៏ដោយ៕