(ប៉េកាំង)៖ រដ្ឋាភិបាលចិន​កំពុងរៀបចំ​យុទ្ធសាស្រ្ត​ទប់ទល់​ប្រឆាំង​ទៅនឹង ប្រព័ន្ធខែល​ការពារមីស៊ីល​កម្រិតខ្ពស់ THAAD ដែល​កំពុងតែ​ធ្វើ​ការ​​ដំឡើង​​​​នៅ​លើ​ទឹក​ដី​នៃប្រទេស​កូរ៉េខាងត្បូង ដែលរួមមាន​ទាំងការប្រើប្រាស់​បរិក្ខា​ប្រឆាំងមីស៊ីល​ សំដៅលុប​បំបាត់​រលក​សញ្ញានានា​ចេញពី​ប្រព័ន្ធ​រ៉ាដា​របស់ THAAD ផងដែរ។ នេះបើតាម​សេចក្តីរាយការណ៍​ព័ត៌មាន​ដែលផ្អែក​លើសម្តី របស់មេបញ្ជា​យោធា​ចូល​និវត្តន៍​​មួយរូប​​របស់​ប្រទេសចិន ដែលត្រូវបាន​ដកស្រង់​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ​ ទី១៥ ខែមីនា ឆ្នាំ២០១៧។

យោងតាមលោក​ឧត្តមសេនីយ៍ Wang Hongguang រដ្ឋាភិបាល​ទីក្រុងប៉េកាំង​ពុំមានបំណង​ដើម្បីអង្គុយ​រង់ចាំ ដល់ការបោះឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី​នោះឡើយ ដោយសារ​ប្រមុខដឹកនាំ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បន្ទាប់នេះ ក៏ទំនងជានឹង​មិនផ្លាស់ប្តូរ​គោលនយោ​បាយ​ដែលពាក់ព័ន្ធ ឬមួយបោះបង់​ចោលនីតិវិធី​នៃការដំឡើង​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD នោះដែរ។

មួយវិញទៀតថ្លែង​ក្នុងសម័យ​ប្រជុំស្តីពី​បញ្ហានយោបាយ​ នៅទីក្រុង​ប៉េកាំង​លោក Wang បានលើក​ឡើងថា «យើងនឹង​បញ្ចប់ការ​បំពាក់​បរិក្ខា​​យោធា​ទប់ទល់​របស់យើង នៅមុនពេលដែលប្រព័ន្ធ THAAD ចាប់ផ្តើមប្រតិបត្តិការ ហើយវាពុំចាំបាច់នោះ​ឡើយក្នុងការ​អង្គុយ​​សំកុក​រង់​ចាំ​​រយៈ​ពេល​​ពីរ​ខែ​​​សម្រាប់ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ពីព្រោះថា​ពួកយើងមាន​សម្ភារៈ​​ដូច្នោះ​​រួច​រាល់​អស់​ហើយ ដោយ​គ្រាន់តែ​ត្រូវការចល័តវា​ទៅកាន់ទីកន្លែង​ដែលសាកសម​ប៉ុណ្ណោះ»

បន្ថែមពីនេះ​យោងតាមអតីត​មេបញ្ជាការ​កងទ័ពចិន​មួយរូប​ទៀត​ឈ្មោះ Yue Geng ទីក្រុងប៉េកាំង​មានសមត្ថភាព​ បង្កភាពរាំង​ស្ទះដល់ដំណើរ​​ការរបស់​ប្រព័ន្ធ THAAD តាមរយៈ​ការជួយពី​បច្ចេកវិទ្យា​ជះការរំខាន​ដ៏ទំនើបដែល​ប្រើប្រាស់​រលកសញ្ញា​អេឡិច​ត្រូម៉ាញេទិច។

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិក​បានប្រកាស​អំពីការដំឡើង​បរិក្ខាបន្សំ​នៃប្រព័ន្ធខែលការពារ​មីស៊ីល​ផ្លោង THAAD នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយនៅ​ក្រោយសេចក្តីរាយការណ៍​នៃការចាប់ផ្តើម​ដំណើរការបំពាក់​ប្រព័ន្ធនេះ ក្រសួងការបរទេស​ចិន​បានគូស​បញ្ជាក់ម្តង​ទៀតថាទីក្រុង​ប៉េកាំងនៅតែបន្ត​ប្រកាន់​គោលជំហរ​ប្រឆាំងដាច់ខាត​ចំពោះ​ការវិវឌ្ឍន៍នេះ ហើយនឹងចាត់​វិធានការ​ដែលចាំបាច់​​ដើម្បីការពារ​សន្តិសុខ​ជាតិ​របស់ខ្លួន៕