(ប៉េកាំង)៖​ ភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង បានចាប់ផ្ដើមកក្រើកឡើងវិញហើយ បន្ទាប់ពីជប៉ុន បានបង្ហាញពីគំរោងបញ្ជូន នាវាដ៏ធំមួយគ្រឿងមានទម្ងន់ ២៤,០០០តោន ទៅកាន់តំបន់ជម្លោះដែនទឹក រវាងចិនជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ីគ្នេយ៍។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នាទីក្រុង ប៉េកាំងក៏បានព្រមាន និងស្នើផងដែរ ឱ្យជប៉ុនបញ្ជាក់ឱ្យបានច្បាប់ពីគោលបំណងពិត នៃគំរោងបញ្ជូននាវានេះ។ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។

អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោកស្រី Hua Chunying នៅក្នុងសន្និសិទសារព័ត៌មានបានឱ្យដឹងថា ទីក្រុងប៉េកាំង មិនបានទទួលដំណឹង ជាមុនពី ព័ត៌មានស្ដីពីគំរោងនេះទេ ហើយថាចិននឹងជំទាស់បើសិនជានាវាជប៉ុន មិនមែនធ្វើដំណើរកាត់ដែនទឹកក្នុងគោលបំណងធម្មតា។ លោកស្រី Hua Chunying បញ្ជាក់ដូច្នេះថា៖«យើងមិនទាន់បានលឺជប៉ុននិយាយអ្វីជាផ្លូវការឡើយ។ បើសិនគ្រាន់តែជាការធ្វើដំណើរធម្មតា កាត់ដែនទឹកសមុទ្រចិនខាងត្បូង យើងនឹងមិនជំទាស់ទេ ក៏ប៉ុន្តែបើវាធ្វើឡើងក្នុងគោលបំណងផ្សេង នោះវាគឺជាបញ្ហាមួយផ្សេងទៀត»។

គួរបញ្ជាក់ថា បើតាមអ្នកនំាពាក្យយោធាជប៉ុន នាវាផ្ទុកឧទ្ធម្ភាគចក្រ Izumo មានគំរោងចូលរួមសមយុទ្ធផ្លូវទឹក នៅឯតំបន់មហាសមុទ្រ ឥណ្ឌាជាមួយ កងនាវាអាមេរិក និងឥណ្ឌា ព្រមទំាងមានគំរោងឆ្លងកាត់តាមតំបន់សមុទ្រចិនខាងត្បូង ឆ្ពោះ ទៅកាន់ប្រទេសស្រីលង្កា ឥណ្ឌនេស៊ី ហ្វីលីពីន និងសិង្ហបុរី មុននឹងត្រឡប់ទៅជប៉ុនវិញ នៅខែសីហា៕