(មូស្គូ)៖ រុស្ស៊ីដែលជា​មហាអំណាច​យោធា និងជាឃ្លំាងស្ដុកអាវុធ​ដ៏ធំមួយនៅ​លើ​ពិភពលោក អាចនឹង​បញ្ចប់ទំាងស្រុង​ការបំផ្លាញ​អាវុធគីមី​នៅក្នុង​ឆ្នាំ២០១៧នេះ។ នេះបើតាម​ប្រធានគណកម្មការ​កាត់បន្ថយ​អាវុធគីមី​រុស្ស៊ី លោក Mikhail Babich ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។

នៅក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​លោក វ្ល៉ាឌីមៀ ពូទីន លោក Mikhail Babich បាននិយាយ​ថា «បើសិន​ជាយើង​អាចរក្សា​ល្បឿន​ដូចពេល​បច្ចុប្បន្ន និងគ្មានបញ្ហា​បច្ចេកទេស​ទេនោះ យើងអាច​នឹងបញ្ចប់​ទាំងស្រុង​ការបំផ្លាញ​អាវុធគីមី​នៅក្នុង​ឆ្នាំនេះ»។ លោក Mikhail បន្ថែមថា រុស្ស៊ីបាន​ឈានដល់​ដំណាក់កាល​ចុងក្រោយ នៃការអនុវត្តន៍​តាមអនុសញ្ញា​គ្រប់គ្រង​អាវុធគីមី ដែលត្រូវ​បានចុះហត្ថលេខា​ដោយប្រទេស​ចំនួន១៩២ និងបានចូល​ជាធរមាន​កាលពី​ឆ្នាំ១៩៩៧។

គួរបញ្ជាក់ថា​បើតាម​លោក Mikhail Babich ទីក្រុងមូស្គូ​បានចំណាយ​ប្រាក់ ៥.៦ពាន់លានដុល្លារ​អាមេរិក ដើម្បីបំផ្លាញ​អាវុធគីមី។ ចំណែកឯ​អាវុធគីមី ៧០,៥០០​តោន​ត្រូវបាន​ស្ដុកទុកនៅទូទំាង​ពិភពលោក ក្នុងនោះ ៤០,០០០តោន​នៅរុស្ស៊ី និង ២៧,០០០តោន​នៅ​សហរដ្ឋអាមេរិក៕