(ហូឡង់-តួកគី)៖ ទំនាក់ទំនង​រវាងប្រទេសតួកគី និងហូឡង់ បានឈានដល់​ដំណាក់កាល​ល្អក់កករ បន្ទាប់ពីរដ្ឋាភិបាល​ហូឡង់ ហាមឃាត់មិន​ឱ្យយន្តហោះរដ្ឋមន្ត្រី​ការបរទេស តួកគី ចុះចតក្នុងដែនដី​របស់ខ្លួន។ សូមជម្រាបថា​រដ្ឋមន្ត្រី​ការបរទេស តួកគី មានបំណង​ចង់ស្វែងរក​សំឡេងគាំទ្រ​ពី​ប្រជាពលរដ្ឋ​តួកគី​នៅក្រៅប្រទេស ដើម្បីធ្វើប្រជាមតិ​គាំទ្រទៅលើការ​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថ្មី ដែលផ្តួចផ្តើម​គំនិតឡើងដោយ លោកប្រធានាធិបតី​ អ៊ែរដូហ្កាន់ ក្នុងបំណង​បង្កើនអំណាច​របស់ខ្លួន។ ការហាមឃាត់​នេះ ធ្វើឱ្យប្រធានាធិបតី​តួកគី ហ៊ានចាត់ទុកថា​រដ្ឋាភិបាលហូឡង់ ជាប្រទេស​ដែលកាន់​របបណាស៊ី។

ឆ្លៀតឱកាស​សូមបង្ហាញពី​ប្រវត្តិទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ៖ ទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរបាន​បន្តអស់​រយៈពេល​ជិត​៤សតវត្សរ៍ ដោយចាប់​ផ្តើមឡើង​តាំងពី​ឆ្នាំ១៦១២។ មន្ត្រីទូត​តំណាង​ប្រទេស​តួកគី មានវត្តមានក្នុង​ប្រទេសហូឡង់ ដំបូងក្នុងឆ្នាំ១៨៥៩។ ប្រទេសហូឡង់ បានបញ្ជូន​លោក Cornelius Haga ក្នុងនាម​ជាមន្ត្រី​កុងស៊ុល ទៅកាន់​ទីក្រុង អ៊ីស្តង់ប៊ុល​ក្នុងឆ្នាំ១៦១១។

សូមរំលឹកថា​កាលពីមុន ដែនដី​តួកគី​គ្រាន់តែជាភូមិ Sluis មួយ​ដែលមានទីតាំង​ស្ថិតនៅ​ភាគខាងលិច នៃតំបន់ Zeelandic Flanders ក្នុងតំបន់​ភាគនិរតីនៃប្រទេស​ហូឡង់ប៉ុណ្នោះ។ រហូតដល់​ក្នុងឆ្នាំ១៦០៤ ព្រះអម្ចាស់  Maurits បានផ្លាស់ប្តូរ​ឈ្មោះភូមិនេះ​ទៅជាភូមិ​តួកគី (Turkeye) ដើម្បីបង្ហាញ​ការដឹងគុណ​ចំពោះជនជាតិ​តួកគី ដែលបានគាំទ្រ​ជួយដល់ពួក​ហូឡង់​ក្នុងការធ្វើសង្គ្រាម​ជាមួយនឹង​ពួកSpaniards ក្នុងសង្គ្រាម​ឯករាជ្យ​របស់ហូឡង់។

ប្រវត្តិ​នៃទំនាក់ទំនងរវាងប្រទេស តួកគី និងហូឡង់៖

* ទំនាក់ទំនងនយោបាយ៖ តួកគី និងហូឡង់ជាសមាជិក​នៃអង្គការ​នយោបាយ​ជាច្រើន​រួមគ្នាដូចជា ក្រុមប្រឹក្សាអឺរ៉ុប អង្គការណាតូ និងអង្គការ OECD ជាដើម។ ក្នុងអំឡុងនៃ​ទស្សនកិច្ច​ផ្លូវរដ្ឋក្នុង​ប្រទេសហូឡង់ នាខែមីនា ឆ្នាំ២០១៣ នាយករដ្ឋមន្ត្រី អ៊ែរឌូហ្កាន់ បានរិះគន់​ទៅលើ​គោលនយោបាយ​ ដែលដាក់កូន​ចិញ្ចឹមជា​ជនជាតិ​តួកគី និងហូឡង់ ឱ្យរស់នៅ​ជាមួយឪពុកម្តាយ​ចិញ្ចឹម​ដែលជាមនុស្ស​ស្រឡាញ់ភេទ​ដូចគ្នា។

ឆ្លើយតបបញ្ហានេះ​ឧបនាយករដ្ឋមន្ត្រី​ហូឡង់​លោក Lodewijk Asscher បានចាត់​ទុកការរិះគន់​របស់ប្រទេស​តួកគី ជាឥរិយាបថ​ដែលមិនសមរម្យ​ទាល់តែសោះ ហើយចាត់​ទុកថា វាជាភាព «ឆ្មើងឆ្មៃ» បន្ទាប់ពីមហាអំណាច​បរទេសបង្ហាញ​ការយល់​ឃើញ និងរិះគន់​ចំពោះគោល​នយោបាយ​ថែរក្សាកូន​ចិញ្ចឹម ​របស់​ប្រទេសហូឡង់។

ទាក់ទងនឹង​បញ្ហានេះ លោក អ៊ែរឌូហ្កាន់ បានស្នើសុំ​ឱ្យមានកិច្ច​ពិភាក្សា​ រវាងរដ្ឋមន្ត្រីកិច្ចការ​គ្រួសារ​របស់​ប្រទេសតួកគី ជាមួយ​នឹងរដ្ឋមន្ត្រី​សន្តិសុខ និងយុត្តិធម៌ ដើម្បីប្រឹក្សា​គ្នាទៅវិញ​ទៅមក​អំពីការថែ​រក្សាកុមារ​ ដែលមាន​ដើមកំណើត​ពីប្រទេស​តួកគី ប៉ុន្តែត្រូវបាន​នាយករដ្ឋមន្ត្រី Mark Rutte បដិសេធ​សំណើរនេះ។ នេះក៏ជាផ្នែកមួយដែលជម្រុញ​ភាពល្អក់កកររវាងប្រទេស​ទាំងពីរផងដែរ។

* ទំនាក់ទំនង​សេដ្ឋកិច្ច៖ ទំនាក់ពាណិជ្ជកម្ម​រវាងប្រទេស​តួកគី និងហូឡង់ បានកើន​ឡើងគួរ​កត់សម្គាល់ ក្នុងរយៈពេល​ប៉ុន្មានជាច្រើន​ឆ្នាំចុងក្រោយ​នេះ។ ក្នុងឆ្នាំ២០០៨ ប្រទេស​ហូឡង់ បាននាំចេញ​នូវផលិតផល​ទៅកាន់ប្រទេស​តួកគី ក្នុងតម្លៃ​ជាទឹកប្រាក់​ប្រមាណ ៤ពាន់លានអឺរ៉ូ ដែលបរិមាណ​នៃការនាំ​ចេញនេះ មានការ​កើនឡើង​ទ្វេដង​បើប្រៀបធៀប​នឹងបរិមាណ​នៃការនាំ​ចេញក្នុង​ឆ្នាំ២០០០។

ដោយឡែក​ប្រទេសតួកគីវិញ ក្នុងឆ្នាំ២០០៨​ដូចគ្នានេះ បាននាំ​ចេញទំនិញ​ទៅកាន់ប្រទេស ហូឡង់ក្នុង​តម្លៃជាទឹកប្រាក់​ចំនួន​១,៦ពាន់លានអឺរ៉ូ​ ដែលក្នុងនោះ​មាន​ ៣២ភាគរយ​ជាផលិតផល​កាត់ដេរ។ ជាមួយគ្នា​នេះប្រទេសតួកគី បានក្លាយជា​គោលដៅ​ភ្ញៀវទេសចរហូឡង់​យ៉ាងពេញ​និយម​ សម្រាប់ថ្ងៃឈប់​សម្រាក។ ជាក់ស្តែង​ក្នុង​ឆ្នាំ២០០៩ ភ្ញៀវទេសចរហូឡង់ បានធ្វើដំណើរ​កម្សាន្តក្នុងប្រទេស​តួកគីប្រមាណ ១,១លាននាក់។

នៅក្នុង​ខែកុម្ភៈ ឆ្នាំ២០១១ ក្រុមហ៊ុន​របស់​ប្រទេសហូឡង់​​ចំនួន​ ១,៨៩៤ក្រុមហ៊ុន បានដាក់ការ​វិនិយោគទុន​ក្នុងប្រទេសតួកគី។ សេចក្តី​ប្រកាស​របស់រដ្ឋមន្ត្រី​ការបរទេស​តួកគី លោក Ahmet Davutoglu បានលើក​ឡើងថា ការវិនិយោគទុន​បែបនេះ​ធ្វើឱ្យប្រទេស​ហូឡង់ ក្លាយជា​ប្រទេស​ដែលបានដាក់​ការវិនិយោគ ធំជាងគេក្នុង​ប្រទេសតួកគី។

គួរបញ្ជាក់ថា​ថ្មីៗនេះ បន្ទាប់ពីប្រទេស​តួកគី ដាក់ចេញនូវ​គម្រោង​ចង់ធ្វើប្រជាមតិ ដែលនឹងប្រព្រឹត្ត​ទៅក្នុងប្រទេស​ហូឡង់​ក្នុង​ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីជម្រុញ​សំណើ​សុំធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញតួកគី​នោះ បែរជា​ត្រូវបានរដ្ឋាភិបាល​ហូឡង់ ហាមឃាត់​ការចុះចតយន្តហោះ​របស់តួកគី​ក្នុងប្រទេស​របស់ខ្លួន ដោយចាត់ទុកថា​ ជាទង្វើ​ដែលបង្ក​អសន្តិសុខ​ក្នុងផ្ទៃប្រទេស​ហូឡង់។ ជាមួយ​គ្នា​នេះដែរ​ការ​ធ្វើយុទ្ធនាកា​រ​ឃោសនា​ការបោះឆ្នោត​នៅក្រៅ​ប្រទេស មិនថា​តាមមធ្យោបាយ​ទូត ឬបែបណា​ក៏ដោយ ត្រូវបាន​គេចាត់ទុកថា​ជារឿងខុសច្បាប់​សម្រាប់​ប្រទេស តួកគី ប៉ុន្តែកន្លង​មកបក្សនយោបាយ​តួកគី​ជាច្រើន​ រួមទាំង​បក្សកាន់អំណាច​ផងដែរនោះ បានបំពាន​ទៅលើច្បាប់នេះ​ជាញឹកញាប់។

បន្ទាប់ពី​ហេតុការណ៍ហាមឃាត់​ការចុះចតយន្តហោះ​របស់មន្ត្រី​តួកគី ប្រៀបបាន​ទៅនឹងការដុត​កម្តៅ​ក្នុងទំនាក់ទំនង​រវាងប្រទេសទាំងនេះ​ ឱ្យតានតឹងឡើង​ជាបន្តបន្ទាប់ ដែលកំពុង​ក្លាយជាប្រធាន​បទក្តៅក្នុងសារព័ត៌មាន​អន្តរជាតិ និងពិភពលោក​ទាំងមូល៕