(ស៊ីដនី)៖ ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី (AFP) បានរៀបចំ​ពិធីមួយនៅ​ថ្ងៃអង្គារនេះ​ក្នុងទីក្រុង Brisbane ដើម្បីប្រកាស​ពីការចូលនិវត្តន៍របស់សុនខ (ឆ្កែ) មួយក្បាល​ពីអង្គភាពប៉ូលិស បន្ទាប់ពីវា​បំពេញ​ការងារអស់​រយៈពេល០៨ឆ្នាំ​មកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។

Louie មានអាយុ០៩ឆ្នាំ និងរោមពណ៌ខ្មៅ គឺជាឆ្កែប៉ូលិស​ប្រមាញ់​គ្រឿងញៀន ដែលបាន​រកឃើញគ្រឿង​ញៀន​គិតជាទឹកប្រាក់​ជាង ១៥.១លានដុល្លារអាមេរិក និង​លុយក្លែងក្លាយ ២.៥លានដុល្លារ​ចាប់តាំងពី​ឆ្នាំ២០០៩មក។ ដោយឡែក​ថ្លែងនៅក្នុងពិធីនោះដែរ រដ្ឋមន្ត្រីយុត្តិធម៌​នៃសហព័ន្ធអូស្ត្រាលី លោក Michael Keenan បាននិយាយថា Louie គឺជាសត្វឆ្កែ​ដ៏អស្ចារ្យ ដែលបានជួយធានាសុវត្ថិភាព និងសន្តិសុខអូស្រា្ដលី ដោយវាបាន​ទប់ស្កាត់ការជួញដូរគ្រឿងញៀន​នៅតាមដងផ្លូវ។

«Louei គឺជាសត្វឆ្កែ​ដំបូងគេបំផុត បានចូលរួម​នៅក្នុងប្រតិបត្តិការ​ប្រមាញ់លុយ​ក្លែងក្លាយ និងគ្រឿងញៀន ចាប់តាំងពី​ឆ្នាំ២០០៩មក ហើយវា​បានចំណាយពេល ០៨ឆ្នាំ​ ដើម្បីការពារ​អាកាសយានដ្ឋាន​ទីក្រុង Brisbane។ មិនតែ​ប៉ុណ្ណោះ Louie​ ក៏បានចូលរួមចំណែក​ផងដែរ ក្នុងការទប់ស្កាត់​ការរត់ពន្ធខុសច្បាប់ នៅក្នុងប្រទេស»។ នេះបើតាមលោក Michael Keenan ៕