(សេអ៊ូល)៖ រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​នៅថ្ងៃអង្គារ​នេះ បានថ្កោលទោស​យ៉ាងខ្លាំងចំពោះ​ទីក្រុងវ៉ាស៊ីនតោន​ និងទីក្រុងសេអ៊ូល​ចំពោះ​ការ​ធ្វើ​សម​យុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំរួមគ្នា ដោយបាន​ព្រមានថា​ សព្វាវុធ​យុទ្ធសាស្រ្ត​ទាំងឡាយរបស់​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​​បញ្ជូន​មក​​កាន់​ទឹក​ដី​​កូរ៉េ​​ខាង​ត្បូង​ គឺកំពុងស្ថិត​​នៅក្នុង​រយៈចម្ងាយ​​ដែលយោធាកូរ៉េខាងជើងអាចវាយប្រហារបាន។ នេះបើតាម​ការចេញផ្សាយ​​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​បានត្រៀម​លក្ខណៈរួច​ជាស្រេច ដើម្បីបើកការ​វាយប្រហារ​ឥតមេត្តា​ និងសែនច្បាស់លាស់​បំផុតពីផ្ទៃដី ផ្ទៃអាកាស ផ្ទៃសមុទ្រ និងក្រោម​ផ្ទៃទឹក បើសិនណា​ជាទីក្រុងសេអ៊ូល និងវ៉ាស៊ីន​តោន​​​ផ្សំគំនិតគ្នាប៉ុនប៉ង​រំលោភលើ​ដែនអធិបតេយ្យភាព។

លើសពីនេះ​សេចក្តីរាយការណ៍​ព័ត៌មាន​របស់ KCNA បានគំរាមដូច្នេះទៀតថា «កូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក​គួរតែដឹង​ឲ្យច្បាស់ថា នាវា​ផ្ទុក​យន្ត​ហោះចម្បាំង​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ និងសព្វាវុធ​យុទ្ធសាស្រ្ត​ដ៏ទៃរបស់ពួក​ចក្រពត្តិ​អាមេរិក កំពុងស្ថិត​នៅក្នុន​ដែនយុទ្ធសាស្រ្ត​នៃការវាយប្រហារ​ដ៏សែនច្បាស់លាស់ និងប្រកបដោយ​អនុភាពខ្លាំងក្លា​របស់យោធា​កូរ៉េខាងជើង​តែម្តង»

ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំចំនួនពីរគឺ Key Resolve និង Foal Eagle នៅ​ក្នុងខែមីនានេះ ដោយសមយុទ្ធ​យោធារយៈពេល​ពីរសប្តាហ៍ Key Resolve បានចាប់ផ្តើមនា​ថ្ងៃចន្ទម្សិលមិញ ខណៈការហ្វឹកហាត់​សមត្ថភាព​​ប្រយុទ្ធ Foal Eagle បាននិងកំពុង​បន្តរហូលដល់ចុងខែមេសា​ខាងមុខនេះ។

គួរបញ្ជាក់ថាសមយុទ្ធយោធា​នាឆ្នាំនេះ​ បាននាំយកនូវសព្វាវុធយុទ្ធសាស្រ្ត​ជាច្រើនប្រភេទ​របស់ទីក្រុង​វ៉ាស៊ីនតោន ដោយរួមបញ្ចូល​​ទាំង​នាវា​ផ្ទុកយន្តហោះ​ចម្បាំង-នុយក្លេអ៊ែរ USS Carl Vinson និងយន្តហោះ​ចម្បាំងជំនាន់​ថ្មីធុន F-35B ដែលមាន​សមត្ថភាពគេចចេញ​ពីប្រព័ន្ធ​រ៉ាដា​បានទៀតផង។ ជុំវិញបញ្ហានេះ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA បាននិយាយថា​ការចល័ត​សព្វាវុធយុទ្ធសាស្រ្ត​របស់អាមេរិក​នេះ បង្ហាញ​ពី​ចេតនារបស់​ទីក្រុងវ៉ាស៊ីនតោន​ និងទីក្រុង​សេអ៊ូល ក្នុងការ​បង្កើតល្បែង​សង្គ្រាមនុយក្លេអ៊ែរ​ទ្រង់ទ្រាយធំ​ជាមួយ​កូរ៉េខាងជើង៕