(ប៉ារីស)៖ បេក្ខនារី​ប្រធានាធិបតី​បារំាង លោកស្រី Marine Le Pen មកពីគណបក្ស​រណសិរ្សជាតិ (Front national) បាននិយាយថា​ នៅក្នុងករណី​ជាប់ឆ្នោតជា​ប្រធានាធិបតី​បារំាង លោកស្រី​នឹងស្នើសុំ​កិច្ចសហការ​ពីនាយករដ្ឋ​មន្ត្រី​ហុងគ្រី លោក Victor Orban និងប្រធាន​គណបក្ស​កាន់អំណាចប៉ូឡូញ លោក Jaroslaw Kaczynski ដើម្បី​ពិភាក្សា​គ្នា ពាក់ព័ន្ធនឹង​ការកម្ទេច​សហភាពអឺរ៉ុប តាមរយៈការ​ដក​សមាជិកភាព​ចេញពីប្លុក​នយោបាយដ៏ធំ​មួយនេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

លោកស្រី Marine Le Pen ថ្លែងនៅ​ក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន​ប៉ូឡូញ Rzeczpospolita បានលើកឡើង​ដូច្នេះថា «បើសិនជា​ខ្ញុំជាប់ឆ្នោត ខ្ញុំនឹងធ្វើការងារ​ជាមួយលោក Kaczynski បំផ្លាញ​សហភាពអឺរ៉ុប ហើយខ្ញុំជឿថា​យើងអាចនឹង​សហការគ្នាលើ​ចំណុចជាច្រើន។ លើសពីនេះ​ទៅទៀត បើសិនជា​ខ្ញុំក្លាយជា​ប្រធានាធិបតីបារាំង​នៅថ្ងៃស្អែក ខ្ញុំនឹងជជែក​ពិភាក្សាជា​មួយលោក Orban លើបញ្ហា​ជាច្រើនដែល​យើងហាក់ដូចជា​មើលឃើញ​ពីភាពមិនត្រឹមត្រូវ​នៅក្នុង​សហភាពអឺរ៉ុប ដែលយើង​មិនអាចទទួល​យកបាន​នៅក្រោមទម្រង់​សហភាពអឺរ៉ុប។ វាប្រាកដណាស់ថា​ យើងនឹង​មិនអាច​ព្រមព្រៀងគ្នា​លើរឿង​គ្រប់យ៉ាង ក៏ប៉ុន្តែប្រទេស​នីមួយៗ​មាន​សេរីភាព និងដែន​អធិបតេយ្យភាព ក្នុងការការពារ​ផលប្រយោជន៍ជាតិ​របស់ពួកគេ»

គួរបញ្ជាក់ថា​បើតាម​លោកស្រី Marine Le Pen មានចំណុច​ពីរសំខាន់ធំៗ ដែលបារំាង និងប៉ូឡូញ អាចនឹងឈានដល់កិច្ចព្រមព្រៀង។ ទីមួយគឺដោយសារតែ​គោលជំហរ​របស់សហភាព​អឺរ៉ុប​លើវិបត្តិ​រដ្ឋធម្មនុញ្ញ​នៅប៉ូឡូញ និងទីពីរ ការលូកដៃ​ចូលក្នុងកិច្ចការ​ផ្ទៃក្នុងប៉ូឡូញ​តែម្ដង។ ទោះបីជា​យ៉ាងណា​នៅថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ប៉ូឡូញ​របស់​លោក Jaroslaw Kaczynski គឺលោក​ស្រី Beata Mazurek បានទាត់ចោល​សំណើបំផ្លាញ​សហភាពអឺរ៉ុប ពីសំណាក់​លោកស្រី Le Pen។

ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីបារំាង នឹងត្រូវធ្វើ​ឡើងពីរជុំ​គឺនៅថ្ងៃទី២៣ ខែមេសា និងនៅថ្ងៃទី០៧ ខែឧសភា ខណៈការស្ទង់​មតិលើកចុងក្រោយបង្ហាញថា ​លោកស្រី Marine Le Pen អាចនឹង​ទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោត​ជុំទីមួយ៕