(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ គ្រោងនឹងទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងអំឡុងកិច្ចប្រជុំ កំពូលរយៈពេល០២ថ្ងៃ នៅខែមេសាខាងមុខនេះ នៅឯMar-a-Lago resort របស់លោកផ្ទាល់ស្ថិតក្នុងរដ្ឋផ្ល័រីដា។ នេះបើតាមប្រព័ន្ធផ្សាយ អាមេរិក Axios ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

យោងតាម Axios កិច្ចប្រជុំ០២ថ្ងៃនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ដល់ថ្ងៃទី០៧ ខែមេសា។ ក៏ប៉ុន្តែ ​Reuters មិនបានបញ្ជាក់​ពីព័ត៌មាននេះ ជាមួយ Axiosនៅឡើយទេ ខណៈខាងមន្ត្រីសេតវិមាន ក៏ពុំទាន់បានធ្វើការអត្ថាធិប្បាយណាមួយនោះដែរ។

គួរបញ្ជាក់ថា ការលេចលឺព័ត៌មានស្ដីពីគំរោងជួបគ្នារវាង លោកត្រាំ និងលោកស៊ី កើតឡើងបន្ទាប់ពីមេដឹកនាំ​ទំាងពីរបានជួប​សន្ទនាគ្នាតាមទូរស័ព្ទ និងនៅក្រោយការបំពេញដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារដ្ឋចិន លោក យ៉ាង ជីឈី (Yang Jiechi) មកកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែកុម្ភៈ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនទាន់ដឹងនោះទេ ថាបើសិនជាជំនួបនេះកើត​ឡើងមែននោះ តើវាអាចធ្វើឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកល្អដល់កំរិត ណា ស្របពេលដែលភាគីទំាងពីរ កំពុងមើលមុខគ្នាមិនសូវចំរឿងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD នៅលើទឹកដី កូរ៉េខាងត្បូងដែល​ទីក្រុងប៉េកាំង ចាត់ទុកថាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិ របស់ខ្លួន៕