(ញូដេលី)៖ លោក Manohar Parrikar នៅថ្ងៃចន្ទនេះ​បានប្រកាសលាលែងពី​តំណែងជា​រដ្ឋមន្រ្តីការពារជាតិ​ឥណ្ឌា ដើម្បីអាចស្បថ​ឡើងកាន់​តំណែងជា​អភិបាលរដ្ឋ Goa បាន។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នាល្ងាច​ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

លោក Parrikar ដែលជា​មេដឹកនាំជាន់ខ្ពស់​មួយរូប​របស់គណបក្ស​កាន់អំណាច Bhartiya Jabty (BJP) បានលាលែង​ពីមុខតំណែង​ជារដ្ឋមន្រ្តី​​នៃក្រសួងការពារជាតិ​រួចរាល់អស់ហើយ​ ដោយបានផ្ញើ​លិខិតលាឈប់​ទៅកាន់ការិយាល័យ​របស់នាយករដ្ឋមន្រ្តី​ឥណ្ឌាលោក Narendra Modi ហើយលោក Manohar Parrikar នឹងស្បថឡើង​កាន់តំណែង​ជាអភិបាលរដ្ឋ Goa ដែលស្ថិត​នៅភាគខាងលិច​ប្រទេសឥណ្ឌា​នៅថ្ងៃ​អង្គារ​ស្អែកនេះ ជាមួយ​ការចូលរួម​ពីសំណាក់​ប្រធានបក្ស BJP និងរដ្ឋមន្រ្តី​សហព័ន្ធ​លោក Rajnath Singh និងលោក Nitin Gadkari។

គួរបញ្ជាក់ថា​លោក Parrikar ស្ថិតក្នុងវ័យ៦១ឆ្នាំ​នឹងត្រឡប់ទៅកាន់រដ្ឋ Goa វិញ​ហើយធ្វើ​ការស្បថកាន់​តំណែងជាអភិបាលរដ្ឋ​នេះជាលើក​ទី​បួន៕