(អេត្យូពី)៖ អាជ្ញាធរអេត្យូពី​បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់​៤៨នាក់ ក្នុងនោះរួមមាន​កុមារ១៥នាក់ បានស្លាប់​នៅក្នុងគ្រោះថ្នាក់​រអិលបាក់ដី​ នៅកន្លែងចាក់សំរាម​ដ៏ធំមួយស្ថិតនៅ​ជាយរដ្ឋធានី Addis Ababa កាលពីចុងសប្ដាហ៍​កន្លងទៅ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

យោងតាមអ្នកនាំ​ពាក្យអាជ្ញាធរ​នៅក្នុងតំបន់ លោក Amare Mekonen កិច្ចខិតខំប្រឹងប្រែង​ស្វែងរកអ្នក​នៅកប់ក្រោម​គំនរសំរាមនៅតែបន្តធ្វើ​ឡើង បន្ទាប់ពី​គំនរសំរាម និងផ្ទាំងដីដ៏ធំ​បានរអិលបាក់សង្កត់​លំនៅដ្ឋាន​ជាង ៤៩ខ្នង ខណៈមនុស្ស​២៨នាក់​កំពុងសម្រាកព្យាល​នៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា​ប្រជាជនអេត្យូពី​រាប់រយនាក់ បានរស់នៅលើ​តំបន់គំនរ​សំរាម Reppi អស់រយៈពេល​ជាង៥០ឆ្នាំមកនេះ ដែលជាកន្លែង​ចាក់សំរាមដ៏​ធំបំផុតមួយក្នុង​ទីក្រុង Addis Ababa។ ប្រជាជនក្រីក្រ​ទំាងនេះតែងតែដើរ​រើសម្ហូបអាហារ ឬក៏ប្រមូល​របស់របរអេតចាយ​ដែលពួកគេអាចលក់ បានដើម្បីចិញ្ចឹមជីវិត៕