(ប៉េកាំង)៖ ក្រុមហ៊ុន Boeing និងក្រុមហ៊ុន​ផលិតយន្ដហោះចិន (COMAC) នឹងចាប់ផ្ដើម​សាងសង់​រោងចក្រ​តំឡើងផលិតផលសម្រេចនៃ​យន្ដហោះ Boeing 737 នៅឯ​ទីក្រុង Zhoushan ស្ថិតនៅ​ភាគខាង​កើតប្រទេសចិន​នៅចុងខែមីនានេះ ហើយនឹងចែកចាយ​ជាលើកដំបូង​ក្នុងឆ្នាំ២០១៨ ដែលហាក់ផ្ទុយនឹង​គោលនយោបាយ​បង្កើនរោងចក្រ​ក្នុងស្រុក កាត់បន្ថយរោងចក្រក្រៅ​ប្រទេស​របស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។ នេះបើ​តាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

នេះគឺជា​ការសាងសង់​រោងចក្រ​នៅបរទេស​ជាលើកដំបូង​ របស់ក្រុមហ៊ុន Boeing នៅក្នុងក្របខណ្ឌ​នៃការផលិត​ជាប្រព័ន្ធ ក៏ដូចជាការរចនា​ដើម្បីចែក​ចាយ​យន្ដហោះ Boeing 737 ចំនួន១០០គ្រឿង​ក្នុងមួយឆ្នាំ។ ជាងនេះទៅទៀត​បើតាម​គំរោង Boeing 737 នឹងត្រូវបាន​តំឡើងជា​មួយប្រព័ន្ធ​ហោះហើរ និងកៅអីអង្គុយ រីឯរោងចក្រ​ក្នុងទីក្រុង​ Zhoushan ដែលស្ថិតនៅ​ចំងាយ​ ២៨៧គីឡូម៉ែត្រ​ពីភាពអាគ្នេយ៍​ទីក្រុងសៀងហៃ ក៏នឹង​ផ្គត់ផ្គង់ ផងដែរ​នូវសេវាកម្មជួសជុល និងថែទំាយន្ដហោះ Boeing ស្របពេល​ការសាងសង់រោងចក្រ​ចែកចាយ នឹងត្រូវចាប់ផ្ដើម​នៅចុង​ខែមីនានេះ។

គួរបញ្ជាក់ថា​ក្រុមហ៊ុន Boeing និងក្រុមហ៊ុន​ផលិតយន្ដហោះ​ចិន (COMAC) បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​កាលពីខែតុលា ឆ្នាំ២០១៦ លើគំរោងសាងសង់​រោងចក្រ​ទីក្រុង Zhoushan ដោយមានពីរ​ផ្នែកសំខាន់ៗ​មានដូចជា រោងចក្រ​តំឡើងផលិតផលសម្រេចនៃយន្ដហោះ ​Boeing 737 ជាការបណ្ដាក់​ទុនរួមគ្នា និងរោងចក្រចែក​ចាយជាកម្មសិទ្ធិ​របស់ក្រុមហ៊ុន Boeing៕