(សេអ៊ូល)៖ កងទព័ជើង​អាកាសកូរ៉េខាងត្បូង​បានឲ្យដឹងនៅថ្ងៃចន្ទនេះ​ថា ពួកគេកំពុង​ធ្វើសមយុទ្ធយោធា​ផ្លូវអាកាស​ ដែលមាន​រយៈពេល​មួយ​សប្តាហ៍ ដើម្បីបង្កើនសមត្ថភាពការពារខ្លួន​ត្រៀមទប់ទល់​នឹងសកម្មភាព​បង្ករឿង​នានា ដែលនឹងអាច​បន្តធ្វើឡើង​ពីសំណាក់​​កូរ៉េខាង​ជើង ព្រមទាំង​ប្រតិបត្តិការ​វាយបករបស់​ពួកគេ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

យន្តហោះចម្បាំង​ប្រមាណ ៥០គ្រឿងរបស់យោធាជើង​អាកាស​កូរ៉េខាងត្បូង រួមបញ្ចូល​ទាំងយន្តហោះ​ចម្បាំង F-15K និង FA-50 ក៏ដូចជា​អាកាស​និយាក​ចំនួន៥០០នាក់​ផ្សេងទៀត​មកពី​អង្គភាពជើង​អាកាសចំនួន​១៥ ត្រូវបានធ្វើ​ការចល័ត​សម្រាប់​សមយុទ្ធនេះ ដែលបានចាប់​​ផ្តើមតាំងពីថ្ងៃសុក្រ​សប្តាហ៍​មុននេះ។

គួរបញ្ជាក់ថា​សមយុទ្ធយោធា​មានឈ្មោះថា «Soaring Eagle» ដែលនឹងបញ្ចប់​នៅថ្ងៃសុក្រ​សប្តាហ៍នេះ ត្រូវបាន​រចនាឡើងដើម្បី​ដុសខាត់​សមត្ថភាព ​របស់កងទ័ពជើង​អាកាស​កូរ៉េខាងត្បូង ក្នុងការបាញ់​ទម្លាក់គ្រាប់​មីស៊ីល​ទាំងឡាយ​របស់សត្រូវ និងការវាយប្រហារ​ទីបញ្ជាការ​យោធាសំខាន់ៗ​របស់បច្ចាមិត្ត។ សមយុទ្ធ Soaring Eagle ដែលធ្វើឡើងពីរ​ឆ្នាំម្តងនេះចាប់តាំ​ងពីឆ្នាំ២០០៨​មកនេះ ត្រូវបានគេរំពឹងថា​​នឹងបង្កើនសមត្ថភាព​ប្រុងជើងការ​ ប្រឆាំងនឹងកូរ៉េខាងជើង​កាន់តែខ្លាំងថែមទៀត ដោយបូករួមទាំង​សមយុទ្ធយោធា​ទ្រង់ទ្រាយធំ​ ដែលកំពុងបន្តប្រព្រឹត្តទៅ​រវាងទីក្រុងសេអ៊ូល​ និងទីក្រុងវ៉ាស៊ីនតោនផងដែរ៕