(គូឡាឡាំពួ)៖ ប៉ូលិសប្រឆាំង​ភេរវកម្ម​ម៉ាឡេស៊ីបានចាប់ខ្លួនមនុស្ស​០៧នាក់ មានជនជាតិ​ម៉ាឡេស៊ី០២នាក់ និងហ្វីលីពីន​០៥នាក់ ហើយក្នុងចំណោមជនសង្ស័យទំាងនេះ០២នាក់គឺជាស្ត្រី នៅក្នុងប្រតិបត្តិការ​ក្តៅធ្វើឡើង​នៅចន្លោះ​ថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមីនានៅរដ្ឋ Sabah និងរដ្ឋ Selangor។ នេះបើតាម​មេបញ្ជាការ​ប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

លោក Khalid Abu Bakar បានឱ្យដឹងនៅក្នុង​សន្និសីទសារព័ត៌មានថា មុនដំបូងនៃ​ការចាប់ខ្លួន ជនជាតិហ្វីលីពីន​០២នាក់ អាយុ២៧ និង ១៨ឆ្នាំ ត្រូវបាន​គេជឿជាក់ថា​បានប្រមូល​មូលនិធិ​សម្រាប់​សមាជិក​ក្រុម ISIS ម៉ាឡេស៊ី​០២នាក់ ឈ្មោះថា Mahmud Ahmad និង Mohamad Joraimee Awang Raimee ដែលកំពុងឈរជើង​នៅភាគខាងត្បូង​ប្រទេស​ហ្វីលីពីន។

ចំណែកឯ​ជនជាតិហ្វីលីពីន០២នាក់ផ្សេងទៀតជា បុរសម្នាក់ និងស្ត្រីម្នាក់​ត្រូវចោទប្រកាន់​ថា​ បានចូលរួមក្នុង​កិច្ចការសម្របសម្រួល​ជួយឱ្យសមាជិក​ក្រុម ISIS ឥណ្ឌូណេស៊ី​រត់ទៅ កាន់​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ដោយឆ្លងកាត់​តាមរដ្ឋ Sabah ខណៈស្ត្រី​ម៉ាឡេស៊ីជាជនសង្ស័យម្នាក់ ដែលជាមន្ត្រីអន្តោប្រវេសន៍ ក៏ត្រូវបានគេ​ចោទប្រកាន់​ពីបទល្មើសដូចគ្នា​នេះដែរ។ បន្ថែមពី​លើនេះ ជនជាតិហ្វីលីពីន​០២នាក់ផ្សេងទៀតជាជាងជួសជុល​រថយន្តក្នុង​ទីក្រុង Sandakan នៃរដ្ឋ Sabah ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពីពួកគេ​មានគំរោង​ទៅចូលរួម​ជាមួយ ​ISIS នៅស៊ីរី។

គួររំលឹកថា​កាលពីខែមករា​កន្លងទៅ ជនជាតិម៉ាឡេស៊ីម្នាក់​ត្រូវអាជ្ញាធរតួកគី​បញ្ជូនត្រឡប់មក​ប្រទេស​កំណើតវិញ ដោយសាររូបគេ​មានផែនការ​ឆ្លងព្រំដែនតួកគីចូលទៅក្នុង​ទឹកដីស៊ីរី ដើម្បីចូល​រួមជាមួយ ក្រុមសកម្មប្រយុទ្ធ ISIS៕