(បាកដាដ)៖ ក្រុមអ្នកប្រយុទ្ធ ISIS​ ដែលកំពុងជាប់គាំង នៅក្នុងទីក្រុង Mosul នឹងត្រូវស្លាប់ទំាងអស់ ហើយក៏មិនអាចរត់ចេញទៅណារួច​ដែរ។ នេះបើតាមបេសកជនពិសេសអាមេរិក នៃក្រុមចំរុះ​អន្តរជាតិ​ទទួលបន្ទុក​សម្របសម្រួល​ការវាយលុក លោក Brett McGurk ដក ស្រង់ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់អ្នក​​សារព័ត៌មាន​​កាលពី​​ថ្ងៃអាទិត្យ លោក Brett McGurk បាននិយាយថា «កាលពី​​យប់មុន​ (ថ្ងៃសៅរ៍) កងទ័ពអ៊ីរ៉ាក់​​មកពី​កងអង្គភាព​ទី៩ បានវាយកាត់​ផ្ដាច់ផ្លូវចុងក្រោយ​ចេញពី​ទីក្រុង Mosul។ ដូច្នេះពួកអ្នកប្រយុទ្ធ ISIS ដែលកំពុងត្រូវ​បានឡោមព័ទ្ធ​នៅក្នុង​ទីក្រុងនឹងត្រូវស្លាប់ទំាងអស់... យើងប្ដេជ្ញា​ចិត្តមិនមែន​ត្រឹមតែវាយកម្ចាត់ពួកគេចេញពី Mosul​ នោះទេ ក៏ប៉ុន្តែយើងធានា​ថាគ្មានពួកអ្នក​ប្រយុទ្ធណាម្នាក់​អាចរត់រួចខ្លួននោះ​ឡើយ»

គួរបញ្ជាក់ថា Mosul ដែលជាទីក្រុង​ធំទី២ របស់អ៊ីរ៉ាក់ បានធ្លាក់ចូលទៅ​ក្រោមការគ្រប់គ្រង​របស់ពួក ​ISIS តាំងតែពី​ឆ្នាំ២០១៤មក។ តែយ៉ាងណា​បើតាមឧត្តមសេនីយ៍​យោធាអ៊ីរ៉ាក់ លោក Maan al-Saadi បច្ចុប្បន្ន កងទ័ពអ៊ីរ៉ាក់​ក្រោមការជួយជ្រោម​ជ្រែងពីសំណាក់​ក្រុមចំរុះអន្តរជាតិ បានវាយដណ្ដើមបានទឹកដី​មួយភាគបី​នៃភាគខាងលិច​ទីក្រុង ​Mosul ពីពួក ISIS ​មកវិញ ហើយកំពុងឈានទៅរកការក្តោបក្តាប់ទាំងស្រុង៕