(ស៊ីរី)៖ ការកើនឡើង​នៃសកម្មភាព​ភេរវកម្ម និងវិបត្តិជនភៀស​ខ្លួន​ដែលកំពុងញាំញីបណ្ដាប្រទេស​ជាច្រើន​​នៅអឺរ៉ុប គឺកើតចេញមកពី​គោលនយោបាយ​អាក្រក់​ របស់ពួកមេដឹកនាំ​អឺរ៉ុបចំពោះស៊ីរី និងតំបន់​មជ្ឈិមបូព៌ា។ នេះបើតាម​ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាស្សាដ ដកស្រង់ដោយ​សារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

ការលើក​ឡើងបែបនេះ​របស់លោក អាស្សាដ ធ្វើឡើង​នៅក្នុងជំនួប​ជាមួយសមាជិក​ប្រតិភូសភា​អឺរ៉ុបមួយ​ក្រុម ក្នុងទីក្រុង​ដាម៉ាស់​កាលពី​ថ្ងៃអាទិត្យ។ ប្រធានាធិបតី​ស៊ីរីរូបនេះ បានគូសបញ្ជាក់យ៉ាង​ដូច្នេះថា «គោលនយោបាយ​មានចេតនា​អាក្រក់ របស់បណ្ដា​ពួកមេដឹកនាំ​អឺរ៉ុប សំដៅលើ​ប្រទេសស៊ីរី និងតំបន់​មជ្ឈិមបូព៌ា តាមរយៈ​ការគាំទ្រ​ក្រុមភេរវករ និងការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំងនឹង​ប្រជាជនស៊ីរី គឺជាមូលហេតុ​បង្កឱ្យមាន​វិបត្តិធំជាច្រើន​ ដូច​ដែល​យើងបានឃើញសព្វ​ថ្ងៃនេះ រួមមានទំាង វិបត្តិ​ជនភៀសខ្លួន​នៅក្នុងប្រទេស​ទំាងនោះ (អឺរ៉ុប) ព្រមទំាង​ការកើនឡើង​នៃសកម្មភាព​ភេរវកម្ម»

គួរបញ្ជាក់ថា​បើតាមលោក អាស្សាដ ប្រព័ន្ធផ្សព្វផ្សាយ​លោកខាងលិច​មួយចំនួន បានផ្សាយ​ព័ត៌មានខុស​ពីការពិត ជុំវិញស្ថានភាព​ជាក់ស្ដែង​នៅស៊ីរី ខណៈ​មេដឹកនាំ អឺរ៉ុបខ្លះកំពុង​ចាប់ផ្ដើមអស់​ជំនឿចិត្តលើ​សារព័ត៌មាន​របស់ខ្លួនឯង។ «ជាការពិតណាស់ មេដឹកនាំ​អឺរ៉ុប កំពុងបាត់បង់​ជំនឿចិត្តលើប្រព័ន្ធផ្សាយ​ខ្លួនឯង ជាក់ស្ដែង​អ្នកតំណាងរាស្ត្រ​អឺរ៉ុបជាច្រើន​នាក់ តែងតែ​មកទស្សនកិច្ច​នៅស៊ីរី ដើម្បីស្វែងយល់​ពីស្ថានភាព និងបញ្ជូនព័ត៌មាន​ទំាងនេះបន្តដល់​ប្រជាជន​របស់​ពួកគេ»។ នេះបើតាមសម្តី​ប្រធានាធិបតី​ស៊ីរី៕