(សេអ៊ូល)៖ សហរដ្ឋអាមេរិក​បានប្រកាសថា ខ្លួននឹងធ្វើការដាក់​ពង្រាយយន្តហោះប្រយុទ្ធគ្មាន​មនុស្សជិះ​ ដែលមាន​​ឈ្មោះថា Grey Eagle ទៅក្នុង​មូលដ្ឋានយោធា​​នៃប្រទេស​កូរ៉េខាងត្បូង ដើម្បីបង្កើន​​សមត្ថភាព​បន្ថែមទៀត​ប្រឆាំងនឹង​​ទីបញ្ជាការ​យោធា​​សំខាន់ៗនៅក្នុងទឹកដីកូរ៉េខាងជើង ខណៈ​ដែលទីក្រុងព្យុងយ៉ាង​ត្រូវបានគេសង្ស័យថា អាចនឹងធ្វើ​តេស្តគ្រាប់បែក​នុយក្លេអ៊ែរ​​នៅក្នុងពេល​ឆាប់ៗ​ខាងមុខ។ នេះបើតាមការ​ទីភ្នាក់ងារ​ព័ត៌មានកូរ៉េខាងត្បូង ​យ៉ុនហាប់ ដកស្រង់សម្តី​ពីមន្ត្រី​​យោធាមួយ​រូបចេញ​ផ្សាយ​នៅព្រឹក​ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​បានបញ្ជាក់​ទៀតថា សហរដ្ឋអាមេរិក​នឹងចាប់ផ្តើមដំណើរការ​បញ្ជូនយន្តហោះ​គ្មានមនុស្ស​បើកខាងលើនេះ ដើម្បីឲ្យមកចូលរួមក្នុង​សមយុទ្ធទ្រង់ទ្រាយធំ​របស់ខ្លួន ហើយដែលពួកវា​នឹងត្រូវយកទៅ​ទុកនៅមូលដ្ឋានទ័ព​អាមេរិកក្នុង​តំបន់ Gunsan ដែលមាន​ចម្ងាយ ២៧៤គីឡូម៉ែត្រ​នៃ​ភាគខាងត្បូង​ទីក្រុងសេអ៊ូល។ ដោយឡែកចំពោះ​ប្រតិបត្តិការសមយុទ្ធ​នៃយន្តហោះខាងលើ​នេះ កំពុងតែ​ស្ថិត​នៅក្នុងការ​ចរចាគ្នានៅ​ឡើយរវាងយោធា​កូរ៉េខាងត្បូង និងអាមេរិក។

គួរបញ្ជាក់ថា​យន្តហោះដ្រូន Grey Eagle អាចមានលទ្ធភាព​ដឹកនាំគ្រាប់មីស៊ីល​ប្រភេទ AGM-114 Hellfire ដែលសម្រាប់បាញ់​ចេញពីដែនអាកាស​ទៅលើដី​ចំនួនបួនគ្រាប់ និងគ្រាប់បែកកំណត់​ទីតាំង​ប្រភេទ GPS-aided GBU-44/B ចំនួនបួនគ្រាប់​ថែមទៀត។ Grey Eagle ក៏មានលទ្ធភាព​បន្ថែមទៀតដែរ​នៅក្នុងការបំផ្លាញ​មូលដ្ឋានយោធាជួរមុខ​សំខាន់ៗរបស់ទីក្រុង​ព្យុងយ៉ាង ក្នុងនោះរួម​មានទីបញ្ជាការ​របស់​មេដឹកនាំកំពូល លោក គីម ជុងអ៊ុន ផងដែរក្នុងករណីមានសង្គ្រាមផ្ទុះឡើង៕