(តេហេរ៉ង់)៖ រដ្ឋាភិបាល​ទីក្រុងតេហេរ៉ង់ ​បានចាប់ផ្តើមការ​ផលិតរថក្រោះជំនាន់ថ្មី​មានឈ្មោះថា «Karrat» នៅក្នុងលក្ខណៈទ្រង់ទ្រាយធំសម្បើម នៅ​ឯ​​ពិធីរៀបចំ​ដ៏ឱឡាឬកមួយ ដែលមាន​ការចួលរួម​ជាអធិបតីភាព​ពីសំណាក់រដ្ឋមន្រ្តី​ការពារជាតិ​អ៊ីរ៉ង់​ផងដែរ ប៉ុន្តែអ្វី​ដែលគួរឲ្យ​កត់សម្គាល់​នោះ​គឺថា វាមានការ​រចនាស្រដៀង​គ្នាទៅនឹង​រថក្រោះធុន T-90MS របស់​ប្រទេស​រុស្ស៊ី។ នេះបើ​តាមការចេញ​ផ្សាយដោយ​សារព័ត៌មាន​​រុស្ស៊ី Russia Today (RT) នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

នាឱកាសនោះ​រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីរ៉ង់​លោកឧត្តមសេនីយ៍ Hossein Dehqan បានថ្លែង​កោតសរសើរ​​ស្ញប់​ស្ញែង​​ចំពោះ​​​សព្វាវុធថ្មី​​នេះ​ថា «រថក្រោះនេះ​អាចមានសមត្ថភាព​ធ្វើការប្រកួត​ប្រជែង ជាមួយរថក្រោះ​ដែលទំនើប​របស់បណ្តាប្រទេស​ជុំវិញពិភពលោក​បាន នៅ​ក្នុង​ផ្នែក​​សំខាន់ៗ​ចំនួនបីរួម​មាន កម្លាំង ភាពច្បាស់លាស់ និងការចល័ត ព្រមទាំងកត្តា​ផ្សេងៗទៀតដូច​ជាការថែទាំ និងការស៊ូទ្រាំបានយូរ​នៅ​ក្នុងសមរភូមិ​ផងដែរ»

គួរបញ្ជាក់ថា​រថក្រោះ Karrat ដែលត្រូវបាន​ប្រកាសជាលើកដំបូង​ ដោយទីក្រុង​តេហេរ៉ង់​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៦ ត្រូវបានអះអាងថា​ មាន​សមត្ថភាព​ដូចរថក្រោះ​ប្រភេទ T-90 MBT របស់រុស្ស៊ី​អ៊ីចឹង។ ម៉្យាងវិញ​ទៀតសេចក្តី​ប្រកាសនេះ ត្រូវបាន​ធ្វើឡើង​នៅប៉ុន្មានខែ​ក្រោយពី​អ៊ីរ៉ង់​​បានផ្អាកកិច្ចចរចា​ជាមួយ ទីក្រុងម៉ូស្គូ​ស្តីពីការទិញ​រថក្រោះពី​ប្រទេសរុស្ស៊ី ដោយទីក្រុង​តេហេរ៉ង់​បានលើកឡើងថា​ ខ្លួនពុំចាប់​អារម្មណ៍លើ​​កិច្ចព្រមព្រៀងនោះ​ឡើយ លុះត្រាតែ​វាមានរួមបញ្ចូល​ទាំងការចែករំលែក​បច្ចេកវិទ្យា។ ដោយឡែក​នៅពេលដែលរូបភាព​នៃរថក្រោះធុន​ថ្មី​ របស់អ៊ីរ៉ង់​បានលេចឡើងជា​សាធារណៈកាលពី​ខែសីហាឆ្នាំមុននេះ អ្នកជំនាញ​ផ្នែកយោធា​ជាច្រើននាក់​បាននិយាយថា ការរចនា​របស់វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំងទៅនឹង​រថក្រោះ T-90MS ដែលជារថក្រោះប្រភេទសម្រាប់នាំចេញ​របស់រុស្ស៊ី៕