(ហៃទី)៖ រថយន្ដក្រុង​មួយគ្រឿង​ដែលព្យាយាមរត់គេច បន្ទាប់ពីបានបុកអ្នកថ្មើរជើងពីរនាក់ បានជ្រុលចង្កូច​បុករះហ្វូងមនុស្ស​ជាច្រើននាក់ ដោយ​បណ្ដាល​ឱ្យមនុស្សយ៉ាងហោច​ណាស់​ ៣៨នាក់ស្លាប់ និង១៧នាក់ផ្សេងទៀត​បានរងរបួសនៅ​ក្នុងទីក្រុង Gonaives។ នេះបើតាម​ក្រុមមន្ត្រីការពារជន​ស៊ីវិល ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​​បានឱ្យដឹង​ទៀតថា «ដំបូងឡើយ​​រថយន្ដក្រុង​​ខាងលើបានបុកអ្នកថ្មើរ​ជើងពីរនាក់ ស្លាប់ម្នាក់ និងម្នាក់ទៀត​របួស។ ក៏ប៉ុន្តែរថយន្ដ​ក្រុងនេះបានបើក​រត់គេច ហើយក៏ជ្រុល​ចង្កូច​បុករះចូល​ទៅក្នុងចំណោម​ហ្វូងមនុស្ស ជាហេតុបង្ក​ឱ្យមនុស្សអស់ ៣៤នាក់ ខណៈមនុស្ស០៤នាក់​ត្រូវបានគេរាយ​ការណ៍ថា​ បានស្លាប់នៅក្នុងមន្ទីរពេទ្យ រីឯអ្នករងបួស​កំពុងសម្រាកព្យាបាល​នៅមន្ទីរពេទ្យក្នុង​ទីក្រុង Gonaives»

គួរបញ្ជាក់ថា​មូលហេតុនៃគ្រោះថ្នាក់​ដ៏រន្ធត់នេះ ពុំទាន់ត្រូវ​បានគេ​បញ្ជាក់នៅឡើយ​នោះទេ ក៏ប៉ុន្តែអ្នក​បើកបរ​រថយន្ដក្រុង និងអ្នកដំណើរ​កំពុងស្ថិត​នៅក្រោម​ការសួរចម្លើយ​នៅឯទីស្នាក់ការប៉ូលិស៕