(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវ​ឲ្យមាន​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ភាពស៊ីជម្រៅ​រវាងយោធា-ស៊ីវិល និងការច្នៃបង្កើត​បច្ចេកវិទ្យាថ្មីៗ​ ដើម្បីជាគន្លឹះ​នៃការធ្វើ​ទំនើបកម្ម​វិស័យ​យោធាចិន​ឲ្យបានខ្លាំងក្លា​បន្ថែមទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នាព្រឹក​ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​សមាជិក​សភាជាតិ ពីកិច្ចប្រជុំមួយ​នៃកងទ័ពរំដោះ​ប្រជាជនចិន (PLA) លោក​ ស៊ី ក្នុងនាម​អគ្គលេខាធិការ​នៃគណកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន (CPC) ផងដែរនោះ​ក៏បាន​លើកឡើង​បន្ថែមទៀត​ថា «កិច្ចខិតខំ​ប្រឹងប្រែង​នានាគួរតែត្រូវ​ធ្វើឡើង ដើម្បីផ្តល់នូវ​ការគាំទ្រ​ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា​ឲ្យកាន់តែអស្ចារ្យ​ជាងមុនទៀត។ យើងត្រូវតែមាន​ការយល់ដឹងពី​អ្វីដែល​ចាំបាច់​ ដើម្បី​ជម្រុញការ​បង្កើត​សមិទ្ធផលថ្មី​នៃវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ជាមួយនឹង​ការប្តេជ្ញាចិត្ត និងកិច្ចខិតខំ​ប្រឹងប្រែង​ដែលអស្ចារ្យ​ជាងមុន»

គួរបញ្ជាក់ថា​ចាប់តាំងពី​កិច្ចប្រជុំលើក​ទី១៨ របស់សមាជជាតិ CPC កាលពីចុង​ឆ្នាំ២០១២ ប្រទេសចិន​ត្រូវបានគេ​មើលឃើញថា បានសម្រេច​ចេញ​នូវលទ្ធផល​ដ៏គួរឲ្យភ្ញាក់ផ្អើល​ជាច្រើន ពាក់ព័ន្ធ​នឹងវិស័យ​វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដែលជាជំនួយដ៏ធំធេង​សម្រាប់ការបង្កើន​ឥទ្ធិពលនៃយោធា។ បន្ថែមពីនេះ​ទៀត​រដ្ឋាបាលពិបាល​ចិនក៏បានធ្វើការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយដ៏​កក្រើកផងដែរ ក្នុងនោះ​មន្ត្រី​ទាំងតូច​ទាំងធំក្នុង​ជួររដ្ឋាភិបាល​ត្រូវបានចាប់ខ្លួន យកទៅផ្តន្ទាទោស​ចាប់ពីការដាក់ពន្ធនាគា​ររាប់សិបឆ្នាំ រហូតដល់​អស់មួយជីវិត និងថែមទាំងប្រហារជីវិត​សម្រាប់ទោសធ្ងន់​បំផុត៕