(ប៉េកាំង)៖ នៅក្នុងស្ថានការណ៍វិវឌ្ឍន៍ដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដំឡើងប្រព័ន្ធការពារដែនអាកាសកម្រិត​ខ្ពស់ (THAAD) នៅប្រទេសកូរ៉េខាងត្បូង សារព័ត៌មានរដ្ឋចិន Global Times បានចេញមុខតវ៉ាថា រដ្ឋាភិបាលទីក្រុងប៉េកាំងពុំមានជម្រើស​អ្វី​ច្រើននោះឡើយ ក្រៅពីការឆ្លើយតបទៅវិញតាមរយៈការបង្កើនកម្លាំងអនុភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

យោងតាមសារព័ត៌មាន Global Times រដ្ឋាភិបាលចិនបានចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើទីក្រុងសេអ៊ូលជាបណ្តើរហើយ ហើយការបំពាក់​ប្រព័ន្ធខែលការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិកត្រូវបានចាត់ទុកថា ជាញុះញង់​យ៉ាងខ្លាំងចំពោះទីក្រុងប៉េកាំង ដែលឈានដល់​ការប្រើចំណាត់ការវាយបកតបតទៅវិញដោយជៀសមិនផុតឡើយ។

កាសែតខាងលើបានលើកឡើងដូច្នេះថា «ដើម្បីស្តារតុល្យភាពយុទ្ធសាស្រ្តនៅតំបន់អាស៊ីឡើងវិញ ដូចកាលពីពេលមិនទាន់មានប្រព័ន្ធ THAAD គឺមានមធ្យោបាយតែមួយគត់តាមរយៈការទប់ទល់វា ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ​ព្រមទាំងមីស៊ីលដែលទំនើបៗជាងមុន»។ ជុំវិញបញ្ហាដ៏ចម្រូងចម្រាសនេះ ទីក្រុងប៉េកាំងនិងទីក្រុងព្យុងយ៉ាងបានចាត់ទុកប្រព័ន្ធ THAAD ថាជាការគំរាមកំហែងមួយចំពោះសន្តិសុខ​ជាតិនៃប្រទេសទាំងពីរ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល បានបន្តធានាអះអាងថា ប្រព័ន្ធខែលការពារមីស៊ីលនេះ​មាន​គោលដៅតែមួយគត់គឺសម្រាប់ការពារខ្លួន។

គួរបញ្ជាក់ថា យោងតាមសារព័ត៌មាន Global Times រដ្ឋាភិបាលប៉េកាំងគួរតែបញ្ជាក់ឲ្យបានច្បាស់ ជាមួយទីក្រុងប៉េកាំងថា ការដាក់ពង្រាយ​ប្រព័ន្ធ THAAD នឹងឈានទៅរកការបង្កើនឥទ្ធិពល នៃអាវុធនុយក្លេអ៊ែររបស់ចិន ហើយទោះបីជាទំនាក់ទំនងចិន-អាមេរិក ទំនងជាកំពុងវិល​ត្រឡប់ទៅរកស្ថានភាពនឹងនរឡើយវិញយ៉ាងណាក្តី ក៏ល្បែងនុយក្លេអ៊ែររវាងមហាយក្សចិននឹងនៅតែបន្តទៅមុខទៀតក្នុងរយៈពេលយ៉ាង​យូរ៕