(អង់ការ៉ា)៖ ប្រធានាធិបតីតួកគលោក Tayyip Erdogan បានចាត់ទុកជនជាតិហូឡង់ទាំងអស់ថាជា «ពួកសាហាវផ្តាច់ការ និងជាពួក Nazi អាល្លឺម៉ង់ចាប់ជាតិ (អាល្លឺម៉ង់កាលពីសម័យមេដឹកនាំផ្តាច់ការ Adolf Hitler) » បន្ទាប់​ពី​រដ្ឋា​ភិ​បាល​ហូ​ឡង់​បាន​ដក​ការ​អនុញ្ញាត​ លែង​ឲ្យ​យន្តហោះដឹករដ្ឋមន្រ្តីការបរទេសរបស់លោក ធ្វើ​ការ​ចុះ​ចត​នៅ​ទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាយប់ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

អាជ្ញាធរទីក្រុង Rotterdam នៃប្រទេសហូឡង់ បានដកចេញនូវការអនុញ្ញាតសម្រាប់ឲ្យរដ្ឋមន្រ្តីការបរទេសតួកគី ធ្វើការចូលរួមពិធីជួបជុំគ្នា​មួយ​​​​ដែលគ្រោងធ្វើឡើង ដើម្បីប្រមែប្រមូលសំឡេងគាំទ្រដល់គំរោងរបស់លោក Erdogan ពាក់ព័ន្ធនឹងការពង្រីកអំណាចនៃប្រធានាធិបតី​ ដែលត្រូវបានកំណត់កាលបរិច្ឆេទថា នឹងដាក់ឲ្យសម្រេចនៅក្នុងការបោះឆ្នោតប្រជាមតិមួយនាខែក្រោយនេះ។ ដោយឡែកបណ្តាទីក្រុង​នៃ​ប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀត ក៏បានចេញបំរាមហាមឃាត់ការប្រមូលផ្តុំគ្នាបែបនេះ ដែលគ្រោងនឹងមានការចូលរួមពីសំណាក់មន្រ្តី​រដ្ឋា​ភិបាលតួកគីផងដែរ។

គួរបញ្ជាក់ថាយោងតាមសេចក្តីរាយការណ៍ព័ត៌មាននាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte ​បានបញ្ជាឲ្យ​រារាំង​យន្ត​ហោះ​ដឹក​រដ្ឋ​ម​ន្ត្រី​ការបរទេស​របស់ប្រទេសតួកគី មិនឲ្យធ្វើការចុះចតបានឡើយ ដោយបានលើកយកហេតុផលថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​រដ្ឋ​មន្រ្តី ​នឹ​ងបង្ក​​ជាការ​គំរាម​កំហែងខ្លាំង​ដល់​សណ្តាប់​ធ្នាប់សាធារណៈរបស់ហូឡង់៕​​