(ហូឡង់)៖ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧នេះ បាន​រារាំង​យន្ត​ហោះ​ដឹក​រដ្ឋ​ម​ន្ត្រី​ការបរទេស​របស់ប្រទេសតួកគី មិនឲ្យធ្វើការចុះចត ដោយបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្រ្តី ​នឹ​ងបង្ក​​ជាការ​គំរាម​កំហែង​ដល់​សណ្តាប់​ធ្នាប់សាធារណៈរបស់ហូឡង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច។

គួរបញ្ជាក់ថា ទង្វើនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu បានថ្លែងថា លោកនឹងធ្វើដំណើរទៅ​កាន់ទីក្រុង Rotterdam នៃប្រទេសហូឡង់ ដោយមិនខ្វល់ពីការដាក់បំរាមហាមមិនឲ្យរូបលោកថ្លែងសារនៅក្នុងការជួបជុំមួយនៅទីនោះ​ឡើយ។ ជុំវិញបញ្ហានេះលោក Rutte បានថ្លែងក្នុងសេចក្តីថ្លែងការណ៍លើទំព័រហេ្វសប៊ុកផ្លូវការរបស់លោកថា រដ្ឋាភិបាលតួកគេ​បាន​ធ្វើ ​ឲ្យប៉ះពាល់ ដល់កិច្ចពិភាក្សា ដែលតាមពិតត្រូវអនុញ្ញាតឲ្យលោក Cavusoglu ចូលមកកាន់ហូឡង់បានយ៉ាងស្រួល ដោយសារតែការ​អំ​ពាវ​​នាវ​ឲ្យ​មានការ​​ប្រមូលផ្តុំគ្នាជាសាធារណៈទ្រង់ទ្រាយធំមួយ៕

រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu