(ហៃណាន)៖ ទីបំផុត​​គ្រាប់​រ៉ុក្កែត Long March-7 Y2 ដែលចិនផលិត​​ដោយខ្លួនឯង​នោះ បានមក​ដល់​មជ្ឈមណ្ឌល​បាញ់បង្ហោះ ស្ថិតនៅ​ក្នុងទីក្រុង​វិនឆាង នៃខេត្តហៃណាន ភាគខាងត្បូង​ប្រទេសចិន​ហើយ ដើម្បីត្រៀម​បាញ់បង្ហោះ​ដឹកនាំយានផ្ទុក​ទំនិញរបស់ចិន ទៅកាន់ទីអវកាស​ជាលើកដំបូង។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

ប្រទេសចិននឹង​ធ្វើការបាញ់បង្ហោះ​នៅអំឡុង​ខែមេសាខាងមុខនេះ នូវយាន​ដឹកទំនិញ Tianzhou-1 ដែលនឹងដឹកនាំដោយគ្រាប់រ៉ុក្កែត​ផលិត​ដោយខ្លួនឯង មិនធ្លាប់មាននោះឡើយ។ Tianzhou-1 នឹងត្រូវយកទៅតភ្ជាប់ជាមួយនឹងយាន Tiangong-2 ដែលកំពុងតែគោចរជុំវិញផងដែរស្រាប់ ហើយវានឹងគោចរជុំវិញផែនដីបីជុំ និងធ្វើការចាក់ឥន្ធនៈ និង​ផ្ទេរ​ទំនិញទៅដល់ Tiangong-2 រួចក៏ធ្លាក់មកផែនដីវិញ។

គួរបញ្ជាក់ថាគ្រាប់រ៉ុក្កែត Long March-7 Y2 គឺជាគ្រាប់ធុនមធ្យមមួយ ដែលអាចដឹកនាំ​ទម្ងន់បាន ១៣.៥តោន ទៅកាន់គន្លងគោចរកម្រិតទាបរបស់ផែនដី ហើយវាអាចមានលទ្ធភាព​ដឹកយានផ្ទុក​ទំនិញ និងផ្កាយរណប​នានាទៅកាន់​ទីអវកាស។ វាត្រូវបានយក​ទៅធ្វើការសាកល្បង​ជាលើកដំបូង​កាលពីខែ​មិថុនា ឆ្នាំ២០១៦។ ប្រទេសចិន​បានប្តេជ្ញាថា នឹងកសាងស្ថានីយ៍​អវកាស​ដោយ​ខ្លួនឯង​​នៅឆ្នាំ២០២០៕