(រីយ៉ាដ)៖ ជនស៊ីវិលយ៉ាង​តិច ២២នាក់បានស្លាប់ និងមួយចំនួនទៀតទទួលរងរបួស​ជាទម្ងន់ នៅពេល​ដែលកងកម្លាំង​ចម្រុះ​​ ដឹកនាំដោយ​ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានបើក​ការវាយប្រហារ​តាមផ្លូវអាកាស​ទៅ​លើផ្សារ​មួយកន្លែង ស្ថិតនៅ​ភាគ​​ខាង​លិច​​ប្រទេស​​យេម៉ែន ដែលបាន​បង្ក​​ជាអគ្គីភ័យឆាបឆេះ​ឡើង​យ៉ាងសន្ធោសន្ធៅ​ថែមទៀត​ផង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន ​Channel News Asia នៅមុននេះ​បន្តិចនា​ល្ងាច​ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

គ្រាប់ជាមីស៊ីល​ជាច្រើនគ្រាប់​បាញ់ចេញពី​កងយន្តហោះចម្បាំង​របស់សម្ព័ន្ធមិត្ត​អារ៉ាប់ បានវាយប្រហារ​ចំលើផ្សារ​​លក់បន្លែមួយកន្លែង​​នៅ​​ក្នុង​ទីក្រុង Khoukha នៃប្រទេស​យេម៉ែន។ យោងតាមអភិបាល​នៅតំបន់​កើតហេតុ លោក Hashim Azazi ជនរងគ្រោះ​ដែលបាន​ស្លាប់គឺជា​ជាប្រជាជន​ស៊ីវិលស្លូតត្រង់​ទាំងអស់ ដោយពុំមាន​នរណាម្នាក់ស្ថិតក្នុងក្រុមប្រដាប់អាវុធ​នោះឡើយ ខណៈនៅពេលនេះ​អ្នកណាំពាក្យ​របស់​កង​កម្លាំង​ចម្រុះ​ខាងលើ ពុំទាន់ត្រូវ​អាចទាក់ទង​បាន​ ដើម្បីផ្តល់​ការអត្ថាធិប្បាយ​ជុំវិញហេតុការណ៍​នេះនៅ​ឡើយទេ។

គួរបញ្ជាក់ថា​ទីក្រុង Khoukha និងទីក្រុង Hodeidah ដែលនៅក្បែរគ្នា​នោះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់ក្រុមសកម្ម​ប្រយុទ្ធ Houthi ដែល​កាល​ពី​ឆ្នាំ២០១៤ បានដណ្តើម​កាន់រដ្ឋាធានី Sanaa របស់​យេម៉ែន ហើយបាន​បង្ខំឲ្យរដ្ឋាភិបាល​លោកប្រធានាធិបតី Abd-Rabbu Masour Hadi ដែលគាំទ្រ​ដោយ​រាជាណាចក្រ អារ៉ាប៊ី សាអូឌីត រត់ភៀសខ្លួន៕