(តូក្យូ)៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ (ម៉ោងនៅទីក្រុងតូក្យូ) មហារលកយក្សស៊ូណាមិកម្ពស់ ១៤ម៉ែត្រ​ដែលបង្ក​ឡើង​ដោយគ្រោះធម្មជាតិ​​រញ្ជួយដី​កម្រិត ៩.១រ៉ិចទ័របាន​​វាយប្រហារ​តំបន់​ហ្វ៊ូគូស៊ីម៉ា​ភាគខាងកើត​​ប្រទេសជប៉ុន​​ បង្កជាគ្រោះមហន្តរាយ​​ដ៏តក់ស្លុតជា​​ប្រវត្តិសាស្ត្រ ខណៈមនុស្សជិត ២០,០០០នាក់​​ត្រូវបាន​គេអះអាងថា​​បានស្លាប់ និងបាត់ខ្លួន។ នេះបើតាម​វែបសាយចិន CTV News ដកស្រង់ពី AP នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

រឿងរ៉ាវមហន្តរាយ​ដ៏ធំធេង មិនមែនមានតែរលកស៊ូណាមិ​មួយមុខនោះ​ឡើយ គ្រោះរញ្ជួយដី​កម្រិតធ្ងន់ធ្ងរ​បំផុតនោះ​​ ក៏បានបណ្តាលឲ្យ​ផ្ទុះរោងចក្រ​នុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា​របស់ជប៉ុន បង្កជាការ​បែកធ្លាយ​សារធាតុវិទ្យុសកម្មដ៏អាក្រក់បំផុតផងដែរ ដែលប្រជាជន​នៅទីនោះបាន​រងគ្រោះធ្ងន់មួយ​កម្រិតថែម​ទៀត។ បច្ចុប្បន្នបើ​ទោះបី​ជាហេតុការណ៍​​នោះ​បានកន្លងផុត​ទៅ ៦ឆ្នាំទៅហើយ​ក្តី ក៏ភាពឈឺចាប់ និងការភ័យខ្លាច​​នៅតែបន្ត​ជាប់ក្នុងអារម្មណ៍​ពួកគេជានិច្ច ហើយប្រជាជនជប៉ុន​​រស់នៅជុំវិញតំបន់​កើត​ហេតុការណ៍ ក៏មានការថយចុះ​គួរឲ្យកត់សម្គាល់ផងដែរ។

គួរបញ្ជាក់ថា​គិតចាប់តាំងពី​ឆ្នាំ២០១១ មកដល់​ឆ្នាំ២០១៥ រដ្ឋាភិបាលជប៉ុន​​បានចំណាយ​ថវិកា ២៦ពាន់​ពាន់លាន​យ៉េន ស្មើនឹង ២២០ពាន់លានដុល្លារ​អាមេរិក ដើម្បីស្តារការ​ខូចខាត​ទាំងឡាយឡើងវិញ​រួមទាំង​ប្រព័ន្ធ​​សុវត្ថិភាព​​នៃរោងចក្រ​​ថាមពល​​នុយក្លេអ៊ែរ​​​ដ៏ធំនៅ​​​ភាគឦសាន។ បន្ថែមពីនេះ​​​គំរោងពី​​ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ រដ្ឋាភិបាលបាន​សម្រេចប្រើប្រាស់​ថវិកា ៦.៥ពាន់ពាន់​លាន​យ៉េន​បន្ថែមទៀត ស្មើនឹង ៥៥ពាន់លាន​ដុល្លារ​ ដើម្បីធ្វើការ​ស្តារតំបន់នោះរហូតដល់ប្រសើរឡើង។ ប្រជាជន​ជប៉ុនដែល​ជាសាច់ញាតិ​ជនរងគ្រោះ និងមន្ត្រី​រដ្ឋាភិបាលជប៉ុន បានប្រារព្ធ​ពិធីរំលឹកវិញ្ញាណក្ខន្ធ​ជ​នរងគ្រោះ នៅទីក្រុងតូក្យូ និងនៅតំបន់កើត​ហេតុផ្ទាល់តែម្តង ដូចដែលធ្លាប់​ធ្វើនាប៉ុន្មានឆ្នាំ​កន្លងមក៕