(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយ​របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង បានថ្កោលទោស​អតីតប្រធានាធិបតី​កូរ៉េខាងត្បូង​​លោកស្រី ផាក គឺនហេ ធ្ងន់ៗថាជា «ឧក្រិដ្ឋជន​ទូទៅម្នាក់» បន្ទាប់ពីតុលាការ​ធម្មនុញ្ញបានប្រកាស​សាលក្រម​សម្រេច​​​គាំទ្រជា​ឯកច្ឆន្ទ ចំពោះការបោះឆ្នោត​ទម្លាក់រូបលោកស្រី​ចេញពីតំណែង។ នេះ​បើ​តាម​ការ​ដកស្រង់ការ​​​ផ្សាយចេញពី​​ទីភ្នាក់​ងារ​ព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA បានចុះផ្សាយថា «លោកស្រី​មានរយៈពេលមួយឆ្នាំ​ទៀតធ្វើជា​ប្រធា​នាធិបតី ប៉ុន្តែនាពេលនេះលោកស្រី​ត្រូវបានទម្លាក់ចេញពី​មុខតំណែង ហើយលោកស្រី​នឹងត្រូវទទួលរង​ការស៊ើប​​អង្កេត​ក្នុងនាម​​ជាឧក្រិដ្ឋ​សាមញ្ញម្នាក់»។ លោកស្រី ផាក គឺនហេ ត្រូវបានគេទម្លាក់​ចេញពី​តំណែង ជុំវិញរឿងអាស្រូវ​ពុករលួយ​​ដ៏​កក្រើក​មួយពាក់​ព័ន្ធនឹងបណ្តា​ក្រុមហ៊ុនធំៗ​របស់​កូរ៉េខាងត្បូង នៅចំពេល​ដែលភាពតានតឹង​កំពុងបន្តកើនឡើង​ជា​មួយ​កូរ៉េខាងជើង​ និងចិន ប៉ុន្តែលោកស្រី ផាក បាន​បដិសេធថា​ពុំបានធ្វើ​ខុសឡើយ។

គួរបញ្ជាក់ថា​សេចក្តីរាយការណ៍​យ៉ាងខ្លីខាងលើ ត្រូវបានចេញ​ផ្សាយយ៉ាងឆាប់រហ័ស​ និងប្លែក​ជាង​​រាល់​ដង​សម្រាប់​​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ដែលជាទូទៅ​តែងតែ​បានរង់ចាំ​រយៈពេល​ជាច្រើនថ្ងៃ​កន្លងផុតទៅ មុននឹង​ធ្វើ​ការចុះផ្សាយ​ពីព័ត៌មាន​បរទេស ដោយវា​ត្រូវបានធ្វើឡើង​នៅថ្ងៃសុក្រម្សិលមិញនេះ​តែម្តង ជាថ្ងៃ​លោកស្រី ផាក ត្រូវតុលាការ​ធម្មនុញ្ញ​សម្រេចទម្លាក់​ចេញពី​តំណែង៕