(សេអ៊ូល)៖ ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កូរ៉េខាងត្បូង នឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧​ខាងមុខនេះ ដោយគណកម្មការ​រៀបចំការបោះឆ្នោត​បានប្តេជ្ញាថា នឹងរៀបចំ​ប្រព្រឹត្ត​ទៅប្រកប​ដោយភាព​សេរី និងយុត្តិធម៌។ នេះបើតាម​ការដកស្រង់​ព័ត៌មានពី Channel News Asia ចេញផ្សាយ​នៅមុននេះ​បន្តិច​​​នាព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

លោក Kim Yong-deok ប្រធាន​គណកម្មការ​បោះឆ្នោត​កូរ៉េខាងត្បូង បានថ្លែង​តាម​កញ្ចក់​ទូរទស្សន៍រដ្ឋ​យ៉ាងដូច្នេះ​ថា «ខ្ញុំមានការព្រួយ​បារម្ភណាស់​​ចំពោះការបែកចែកគ្នា​ផ្នែកនយោបាយ ដែលអាច​បង្កទៅជា​ភាពចលាចល​ខ្លាំងនៃបរិយាកាស​សង្គម អំឡុងពេល​នៃការធ្វើដំណើរ​ទៅរក​ការបោះឆ្នោត។ ហេតុដូច្នេះ​ខ្ញុំសូមអំពាវនាវ​ឲ្យសាធារណជន​ទាំងអស់​ដោះស្រាយនូវ​ជម្លោះ និងរក្សាភាព​ស្ងៀមស្ងាត់»

គួរបញ្ជាក់ថាតុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​នៅថ្ងៃសុក្រ បានចេញ​សាលក្រមសម្រេចទម្លាក់លោក​ស្រី ផាក គឺនហេ ចេញពីតំណែង​ប្រធានាធិបតី ហើយ បន្ទាប់ពីលោកស្រី​ផុងខ្លួន​នៅក្នុងរឿងអាស្រូវ​ពុករលួយ​នយោបាយ​ ឆយ ស៊ូនស៊ីល ហើយតាម​រយៈការសម្រេច​ចិត្តនេះ ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃ​បន្ទាប់។

ចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងសំឡេងគំាទ្រ ៨ទល់នឹង០ ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅវេលាព្រឹកម៉ោង ១១៖០០នាទី​ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុង​ទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀត​តាមរយៈការសម្រេចចិត្ត​នេះ លោកស្រី ផាក បានក្លាយជា​ប្រមុខរដ្ឋដំបូងគេ​បំផុតនៅក្នុង​ប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបាន​ទម្លាក់ចេញពី​តំណែងក្នុងពេល​កំពុងកាន់តួនាទី។

បាតុករចំនួនពីរនាក់បានស្លាប់ បន្ទាប់ពីបានទទួលរងរបួសយ៉ាងទម្ងន់ នៅក្នុងសកម្មភាពតវ៉ាចំពោះ​ការ​ចោទប្រកាន់នានា​លើលោកស្រី ផាក គឺនហេ នៅព្រឹកថ្ងៃសុក្រនេះ និងសម្តែងការគាំទ្រ​អតីតប្រធានាធិបតី​ដែល​ទើបត្រូវ​បានតុលាការធម្មនុញ្ញ​សម្រេចទម្លាក់ចេញពី​តំណែង មិនបានប៉ុន្មានម៉ោងផងនោះ៕