(សេអ៊ូល)៖ ក្រុមប្រឆាំង​លោកស្រី ផាក គឺនហេ ពេលនេះ​បានសម្រេច​​គោលដៅ​មួយជំហាន​របស់​ពួកគេហើយនោះគឺការសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានសម្រេចទម្លាក់លោកស្រីពីតំណែង ប៉ុន្តែអ្វីដែល​ក្រុមប្រឆាំងចង់​បានបន្ថែម​ទៀតនោះ គឺការចាប់ខ្លួន​លោកស្រី ផាក គឺនហេ ទៅ​កាត់ទោស និងការលាលែង​ចេញពីតំណែង​របស់លោក Hwang Kyo-ahn ប្រធានាធិបតីស្តី និងជា​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​បន្ថែមទៀត។ នេះបើតាម​​ការដកស្រង់​ព័ត៌មាន​នៅមុននេះ​បន្តិច​ពី Channel News Asia នាព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

ក្រុមប្រឆាំងលោកស្រី ផាក គឺនហេ បានប្រកាសថាពួកគេនឹងប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងសេអ៊ូល ដែលពួកគេធ្លាប់ធ្វើ​ការប្រឆាំងនឹងអតីត​ប្រធានាធិបតីរូបនេះ​កាលពីប៉ុន្មាន​ខែមុន រហូតដល់​បានសម្រេច​គោលដៅ​នោះ។ ការប្រកាស​ខាងលើនេះ​ត្រូវ​បានអ្នកវិភាគ​ព្រួយបារម្ភថា នឹងអាចមាន​ភាពតានតឹង​កើនឡើង​ ខណៈដែលក្រុម​គាំទ្រលោកស្រី ផាក គឺនហេ ក៏បានប្រមូល​ផ្តុំគ្នាផងដែរ​នៅទីក្រុង​សេអ៊ូលនេះ។

អ្នកនាំពាក្យ​ក្រុមប្រឆាំង​តវ៉ាឈ្មោះ Choi In-sook បានលើកឡើង​យ៉ាងដូច្នេះថា «យើងទាមទារ​ឲ្យមានការ​ចាប់ខ្លួន​លោកស្រី ផាក គឺនហេ និងការលាលែង​ពីតំណែង​របស់លោក Hwang Kyo-ahn ប្រធានាធិបតី​ស្តីទី និងជានាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង»។ លោក Hwang ដែលគ្រប់គ្នា​ដឹងថា​ជាមនុស្សស្មោះស្ម័គ្រ​នឹង​លោកស្រី ផាក មានតួនាទី​ជានាយករដ្ឋមន្ត្រី ត្រូវបានតែងតាំង​ជាប្រធានាធិបតីស្តី​ទីកាលពី​ថ្ងៃទី០៩ ខែធ្នូ ក្រោយសភា​សម្រេចព្យួរតំណែង​របស់លោកស្រី ផាក ដើម្បីអនុញ្ញាត​ឲ្យក្រុមរដ្ឋអាជ្ញាពិសេស​ស៊ើបអង្កេត។

គួរបញ្ជាក់ថាតុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​នៅថ្ងៃសុក្រ បានចេញ​សាលក្រមសម្រេចទម្លាក់លោក​ស្រី ផាក គឺនហេ ចេញពីតំណែង​ប្រធានាធិបតី ហើយ បន្ទាប់ពីលោកស្រី​ផុងខ្លួន​នៅក្នុងរឿងអាស្រូវ​ពុករលួយ​នយោបាយ​ ឆយ ស៊ូនស៊ីល ហើយតាម​រយៈការសម្រេច​ចិត្តនេះ ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃ​បន្ទាប់។

ចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងសំឡេងគំាទ្រ ៨ទល់នឹង០ ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅវេលាព្រឹកម៉ោង ១១៖០០នាទី​ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុង​ទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀត​តាមរយៈការសម្រេចចិត្ត​នេះ លោកស្រី ផាក បានក្លាយជា​ប្រមុខរដ្ឋដំបូងគេ​បំផុតនៅក្នុង​ប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបាន​ទម្លាក់ចេញពី​តំណែងក្នុងពេល​កំពុងកាន់តួនាទី។

បាតុករចំនួនពីរនាក់បានស្លាប់ បន្ទាប់ពីបានទទួលរងរបួសយ៉ាងទម្ងន់ នៅក្នុងសកម្មភាពតវ៉ាចំពោះ​ការ​ចោទប្រកាន់នានា​លើលោកស្រី ផាក គឺនហេ នៅព្រឹកថ្ងៃសុក្រនេះ និងសម្តែងការគាំទ្រ​អតីតប្រធានាធិបតី​ដែល​ទើបត្រូវ​បានតុលាការធម្មនុញ្ញ​សម្រេចទម្លាក់ចេញពី​តំណែង មិនបានប៉ុន្មានម៉ោងផងនោះ៕