(វ៉ាស៊ីនតោន)៖ សមាជិក​ព្រឹទ្ធសភា​អាមេរិកដ៏មានឥទ្ធិពល​លោក John McCain បានថ្លែងនៅ​ថ្ងៃសៅរ៍នេះថា ការទម្លាក់​អតីតប្រធានាធិបតីកូរ៉េខាងត្បូង​លោកស្រី ផាក គឺនហេ ចេញពីតំណែង​បានស្តែងឲ្យឃើញពី​កម្លាំងអានុភាពនៃស្ថាប័ន​ប្រជាធិបតេយ្យ​នៃប្រទេស​អាស៊ីខាងកើត​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បួង យុនហ៉ាប់​ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

លោក McCain បានលើកឡើង​នៅក្នុងសេចក្តីថ្លែងការណ៍​របស់​លោកថា «នៅក្រោម​ស្ថានការណ៍​ដ៏លំបាក​ជាទីបំផុត​ ប្រទេសកូរ៉េខាងត្បូង​បានបង្ហាញឲ្យ​ឃើញពី កម្លាំង​សាមគ្គី​នៃស្ថាប័ន​ប្រជាធិបតេយ្យ​របស់ខ្លួន។ ម៉្យាងវិញ​ទៀត​ការ​ផ្ទេរ​អំណាច​ដោយសន្តិវិធី​ទៅកាន់​ប្រធានាធិបតី​ស្តីទី​លោក Hwang Kyo-Anh និងការប្រកាស​សាលក្រម​របស់តុលា​ការធម្មនុញ្ញ​បានផ្តល់ឲ្យ​ខ្ញុំនូវការជឿជាក់​ខ្ពស់ថា កូរ៉េខាងត្បូង​នឹងងើបឡើងវិញ​ចេញផុតពី​បញ្ហាប្រឈម​​ទាំង​អស់​នេះ​ជាមួយនិង​កម្លាំងថ្មី»

នៅក្នុងឱកាសនោះដែរ​ព្រឹទ្ធសមាជិក​អាមេរិក​រូបនេះ​បានបន្ត​ទៀតថា «ប្រជាពលរដ្ឋកូរ៉េខាងត្បូង​គួរតែ​ជ្រាបថា​ សហរដ្ឋអាមេរិក​នៅតែ​បន្តប្តេជ្ញា​យ៉ាងរឹងមាំ​ចំពោះសម្ព័ន្ធភាព​របស់យើង ដោយទីក្រុងវ៉ាស៊ីនតោន​ និងទីក្រុងសេអ៊ូល​​ត្រូវតែបន្ត​ធ្វើការជា​មួយគ្នា ដើម្បីពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និងសន្តិសុខ​រវាងប្រទេស​យើងទាំងពីរ ហើយ​ជាពិសេស​នោះ ការទប់ទល់​ជាមួយការគំរាមកំហែង​នៃមីស៊ីល និងអាវុធនុយក្លេអ៊ែរ​ដែលកំពុង​កើនឡើង​ខ្លាំងរបស់​កូរ៉េខាងជើង»

គួរបញ្ជាក់ថា​ចៅក្រមតុលាការ​​កំពូល​ទំាង​០៨នាក់​ បាន​សម្រេច​ចិត្ត​ជា​ឯកច្ឆន្ទ​ក្នុងសំឡេងគំាទ្រ៨​ទល់នឹង០​ទម្លាក់​លោក​​ស្រី ផាក គឺនហេ ចេញពីតំណែង​ជាប្រធានាធិបតី​នៅវេលា​ព្រឹកម៉ោង​១១៖០០នាទី​​ថ្ងៃសុក្រ​ម្សិលមិញ​នេះ (ម៉ោងនៅក្នុង​​​​ទីក្រុងសេអ៊ូល)។ ជាងនេះ​ទៅ​ទៀត​តាមរយៈការ​សម្រេចចិត្ត​នេះ លោកស្រី ផាក បានក្លាយជា​​ប្រមុខរដ្ឋដំបូងគេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េ ដែលត្រូវ​បាន​ទម្លាក់ចេញ​ពី​តំណែង​ក្នុងពេល​កំពុង​កាន់តួនាទី៕