(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បានធ្វើការគូសបញ្ជាក់នៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី ពុំមានកិច្ចចរចាលួចលាក់ជាសម្ងាត់ជាមួយសហរដ្ឋ​អាមេរិកឡើយ ដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងតែធ្វើការងារក៏ដូចជាទំនាក់ទំនង ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីន​តោនតាមរយៈបណ្តាញ​ការទូតធម្មតាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ​ ទី១០ ខែមីនា ឆ្នាំ២០១៧។

ឆ្លើយតបទៅនឹងសំណួរចោទសួរ នៅក្នុងអំឡុងការធ្វើសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួង​ការបរទេសរុស្ស៊ីបានថ្លែងថា «ទេ! ពួកយើងកំពុងអនុវត្តន៍ការងារលក្ខណៈការទូត តាមរបៀបធម្មតាជាមួយសហរដ្ឋអាមេរិក ដូចទៅនឹង​ការ​ធ្វើទំនាក់ទំនងការទូតជាមួយរដ្ឋធានី ព្រមទាំងបណ្តាប្រទេសដទៃៗផ្សេងទៀតជុំវិញពិភពលោក»

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងពីការគាំទ្រម្តងហើយម្តងទៀត អំពីការបង្កើតកិច្ចសន្ទនានយោបាយ​ជាមួយទីក្រុងម៉ូស្គូ ជាពិសេសនោះ ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយលោកក៏ថែមទាំងបានបង្ហាញពីការត្រៀមខ្លួន​រួចជាស្រេច ដើម្បីកសាងទំនាក់ទំនងជាវិជ្ជមាន ជាមួយប្រទេសរុស្ស៊ីផងដែរ ខណៈរដ្ឋាភិបាលទីក្រុងម៉ូស្គូ តែងតែបានលើកស្ទួយពីគោល​គំនិត នៃការបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយទីក្រុងវ៉ាស៊ីនតោន៕