(គូឡាឡាំពួ)៖ ទីបំផុតក្រុមស៊ើប​អង្កេតពិសេសនៃ​សហព័ន្ធម៉ាឡេស៊ី បានបញ្ចេញ​របាយការណ៍​ចុងក្រោយ​របស់ខ្លួនក្នុង​ករណីឃាតកម្ម​ ដែលកូរ៉េខាងត្បូង​អះអាងច្បាស់ៗតាំងពីរដើមមកថា ជនរងគ្រោះជា​លោក គីម ជុងណាំ នោះហើយ​ ដោយបុគ្គលដែល​កាន់លិខិត​ឆ្លងដែនឈ្មោះ គីម ចុល ពិតជា​លោក គីម ជុងណាំ បងប្រុសម្តាយ​ទីទៃនៃ​មេដឹកនាំ​​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន យ៉ាងប្រាកដមែន ខណៈកូរ៉េខាងជើង​កន្លងមកមិន​ដែល​ទទួលស្គាល់​ការលើកឡើង​នេះឡើយ។ នេះបើតាម​ការដកស្រង់​ព័ត៌មាន​ចេញផ្សាយនៅ​មុននេះ​បន្តិច នារសៀល​ថ្ងៃ​សុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

លោក គីម ជុងណាំ ត្រូវបានក្រុមឃាតករ​រៀបចំគំរោងបំពុល ​នៅអាកាសយានដ្ឋាន​អន្តរជាតិទីក្រុង​គូឡាឡាំពួ​ កាលពីថ្ងៃទី១៣ ខែកុម្ភៈ និងក្រោយមក​ទៀតអាជ្ញាធរម៉ាស៊ីឡេស៊ី​បានរកឃើញ​ដានសារធាតុ​គីមីពុល VX លើផ្នែកជុំវិញ​ផ្ទៃមុខរបស់​សាកសព ព្រមទាំងបានកំណត់​មុខសញ្ញាជាច្រើនទៀតនៃជនដែល​​បាន​ចូលរួម​អំពើឃាតកម្ម ភាគច្រើនជាជនជាតិ​កូរ៉េខាងជើងក្នុងនោះ​មាន​ទាំងមន្ត្រី​ក្នុងស្ថានទូត​ប្រចាំ​នៅ​គូឡាឡាំពួ​ដែលប៉ូលិស​ម៉ាឡេស៊ី​​កំពុងឡោមព័ន្ធ និងទាមទារឲ្យចេញមក​ទទួលការសួរ​ចម្លើយ​ចំនួន​បីរូប​ផងដែរ។

នៅថ្ងៃសុក្រនេះ​មេបញ្ជាការប៉ូលិស​ផ្នែកស៊ើបអង្កេត​របស់ម៉ាឡេស៊ី​ លោក Khalid Abu Bakar បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​នានាថា «ប៉ូលិសបានបញ្ចប់ការ​ពិនិត្យ និងតាមដានលើសាកសពរួចរាល់​ហើយ និងធ្វើការប្រគល់​សាកសព (គីម ជុងណាំ) ទៅឲ្យក្រសួង​សុខាភិបាល​វិញ»។ មន្ត្រីកំពូល​ម៉ាឡេស៊ី​រូបនេះបាន​អះអាងទៀតថា គីម ចុល គឺពិតជា លោក គីម ជុងណាំ ប៉ុន្តែយើងត្រូវរង់ចាំគំរូ DNA ដែលត្រូវយក​ធ្វើការ​ផ្គូរផ្គងតាមបច្ចេកទេស​​ឲ្យរួចរាល់សិន ទើបអាជ្ញាធរ​ធ្វើការប្រកាសចេញ​ជាផ្លូវការតែម្តង៕