(គូឡាឡំាពួ)៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃសុក្រនេះ​បានអំពាវនាវ​ឱ្យប្រជាជន​ខ្លួន​រួបរួមសាមគ្គី​គ្នា ខណៈលោក​ផ្ទាល់កំពុង ព្យាយាម​រកមធ្យោបាយ​ដើម្បីនាំយកជន​ជាតិម៉ាឡេស៊ី​០៩នាក់ទៀត ដែលកំពុងជាប់គាំង​ក្នុងប្រទេស​កូរ៉េខាងជើង ត្រឡប់មក​ស្រុក​កំណើតវិញ។​ ក៏ប៉ុន្តែទន្ទឹមនឹងការ​អំពាវនាវ លោក ណាជីប ក៏បានព្រមាន​កូរ៉េខាងជើងដែរ​ថាកុំរំលោភលើ​មិត្តភាពរបស់​ម៉ាឡេស៊ី។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។​

ម៉ាឡេស៊ី និងកូរ៉េខាងជើង​ចាប់ផ្ដើមពាក់​មុខយក្ស​ដាក់គ្នា បន្ទាប់ពី​មានអំពើ​ឃាតកម្ម​លើបុរសម្នាក់ ដែលគេ​ជឿជាក់​ថាជាលោក គីម ជុងណាំ នៅឯព្រលានយន្ដហោះ​អន្តរជាតិ​ទីក្រុង​គូឡាឡំាពួ កាលពី​ថ្ងៃទី១៣ ខែកុម្ភៈ។ ជាងនេះ​ទៅទៀត​ដោយសារតែ​ការខ្វែង​គំនិតគ្នា​លើសំណុំរឿង​ឃាតកម្ម​នេះ បានបង្ខំ​ប្រទេសទំាងពីរដើរដល់ការសងសឹកគ្នាទៅវិញ​ទៅមក ក្នុងនោះរួមមានទំាង​ការបណ្ដេញ​អគ្គរដ្ឋទូត និងហាមមិន​ឱ្យប្រជាជន​រៀងៗខ្លួនចាក​ចេញពីប្រទេស។

«ខ្ញុំចង់អំពាវនាវ​ឱ្យប្រជាជន​ម៉ាឡេស៊ី​ទំាងអស់ រួមទំាង​ថ្នាក់ដឹកនាំ​ប្រទេស និងបក្សប្រឆាំង រួបរួមគ្នា​ផ្ដល់ការគាំទ្រ​ដល់រដ្ឋាភិបាល ក្នុង​កិច្ចខិតខំ​ប្រឹងប្រែងដោះស្រាយ​បញ្ហានេះ។ ម៉ាឡេស៊ី តែងតែ​ធានាជា​និច្ចនូវទំនាក់ទំនង​ល្អជាមួយ​នឹងបណ្ដា​ប្រទេស​ដទៃ ក៏ប៉ុន្តែវា​មិនមែន​មានន័យថា ​ក្នុងចំណោម​ពួកគេ អាចរំលោភមិត្តភាព ឬក៏បំពានលើច្បាប់​របស់យើងដោយគ្មាន​គោរពលើ​ដែនអធិបតេយ្យភាព​របស់ម៉ាឡេស៊ី​នោះទេ»។ នេះគឺជា​ការលើកឡើង​របស់លោក ណាជីប រ៉ាហ្សាក់។

គួរបញ្ជាក់ថា​កាលពីព្រហស្បតិ៍​រដ្ឋាភិបាល​ម៉ាឡេស៊ី​បានអះអាង​ថា ជនជាតិម៉ាឡេស៊ី​ពីរនាក់​ជាបុគ្គលិក​របស់អង្គការសហប្រជាជាតិ បានចាកចេញពីកូរ៉េខាងជើងហើយ៕