(ប៉េកាំង)៖ ប្រទេសចិន​បានបញ្ជាក់ថា​នឹងប្រើចំណាត់ការ​កម្រិតធ្ងន់ៗ ​ចំពោះសកម្មភាព​បំបែកខ្លួននានា​នៃក្រុមអ្នកគាំទ្រ​​សម្តេចសង្ឃ ដាឡៃ ឡាម៉ា ស្របពេល​ដែលបាតុករ​ជាច្រើននាក់ បានរៀបចំ​ធ្វើបាតុកម្ម​នៅតាមបណ្តាទីក្រុងធំៗ​នៅជុំវិញពិភពលោក​នា​ថ្ងៃសុក្រនេះ ដើម្បី​អប​អរ​​ខួប​នៃ​ការរើ​បំរាស់​​របស់តំបន់ទីបេ​ប្រឆាំងនឹងការគ្រប់គ្រង​របស់ចិនកាល​ពីឆ្នាំ១៩៥៩។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនារសៀល​ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

អភិបាលតំបន់ទីបេ​បានលើកឡើងថា​ រដ្ឋាភិបាលចិន​នឹងប្រកាន់គោលជំហរ​យ៉ាងរឹងមាំ​ប្រឆាំងនឹង​របបបំបែក​ខ្លួននិយម ហើយនឹង​ប្រើប្រាស់​​ចំណាត់ការ​ក្តៅចំពោះ​សកម្មភាពបង្ក​គ្រោះថ្នាក់​ផ្សេងៗ​ នៃក្រុម​អ្នកគាំទ្រ​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា។ ជាមួយគ្នានេះ​ដែរ​ប្រតិភូតំណាង​ជន​ជាតិ​ភាគ Lhoba ដែលស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃតំបន់ទីបេ ក៏បាននិយាយដែរ​ថា «រឿងដែល​ត្រូវធ្វើសំខាន់​បំផុតគឺ​ការការពារ​រាល់តំបន់ព្រំដែន​របស់​ប្រទេសចិន និងការ​សាងសង់​លំនៅឋាន ហើយ​ជាពិសេស​ដាច់ខាត​នោះ យើងមិនអនុញ្ញាត​ឲ្យក្រុមណាមួយ​ធ្វើការកាត់​ផ្តាច់​​ដែន​ដី​សូម្បីតែ​មួយមីលីម៉ែត្រ​ពីចិននោះ​ឡើយ»។

ជុំវិញបញ្ហានេះ​រដ្ឋាភិបាលចិន​បានចាត់ទុក​សម្តេចសង្ឃ ដាឡៃ ឡាម៉ា ដែលជា​មេដឹកនាំ​សាសនាដ៏​មានឥទ្ធិពល​នៃតំបន់ទីបេ​ និងបានភៀស​ខ្លួនទៅ​កាន់​ប្រទេសឥណ្ឌា​បន្ទាប់ពីការ​បះបោរបរាជ័យ​កាលពីឆ្នាំ១៩៥៩នោះ ថាជា «បុគ្គល​មានទំនោរ​ចង់បំបែកខ្លួន​ដ៏គ្រោះថ្នាក់​ជាទីបំផុត»​ ខណៈសម្តេច​សង្ឃ​ដែលទទួលបាន​ពានរង្វាន់ណូបែល​អង្គនេះ បានច្រានចោល​ការចោទប្រកាន់​ ដែលថាព្រះអង្គជាអ្នកជំរុញឲ្យ​មានការប្រើ​​​អំពើហិង្សា និងបានគូស​បញ្ជាក់ថា​ សម្តេច​គ្រាន់តែចង់​បានស្វ័យភាព​យ៉ាងពិតប្រាកដ​មួយប៉ុណ្ណោះ​សម្រាប់តំបន់​ទីបេ។

គួរបញ្ជាក់ថា​ឱកាស​នៃគំរប់ខួបនេះ ត្រូវបានធ្វើ​ឡើង​ចំពេលតែមួយ​នៃការធ្វើសន្និសីទ​សារព័ត៌មាន​ប្រចាំឆ្នាំ នៃ​កិច្ច​ប្រជុំ​សភា​របស់ក្រុម​អ្នក​តំណាង​​តំបន់​ទីបេ​ប្រចាំ​​នៅចិន​ ដែលប្រារព្ធឡើង​នៅទីក្រុង​ប៉េកាំង។ ដោយឡែក​នៅថ្ងៃនេះដែរ បាតុករ​ជាច្រើននាក់​នៅ​តាមទីក្រុងមួយ​​ចំនួនរួមមាន​ ស៊ីដនី តៃប៉ិ និង ឡុងដ៍ បានរួមគ្នា​តវ៉ាប្រឆាំង​នឹងកង្វះខាតនៃ​សិទ្ធិមនុស្ស​នៅតំបន់​ទីបេ៕