(ប៊ែរឡាំង)៖ ជើងហោះហើរ​ស្ទើរតែទាំងអស់​របស់អាកាយានដ្ឋាន​អន្តរជាតិចំនួនពីរ​ក្នុងទីក្រុង​ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់​​ត្រូវបាន​លុបចោល ដោយសារតែ​កើតមាន​ការតវ៉ាយ៉ាងខ្លាំង​ពីបុគ្គលិកបម្រើ​ការងារ​ក្នុង​វិស័យអាកាសចរណ៍​អាល្លឺម៉ង់ ដែលទាមទារ​ឲ្យតម្លើងប្រាក់​ឈ្នួលពី ១១អឺរ៉ូក្នុង​មួយម៉ោង ទៅ១២អឺរ៉ូ (១២.៧១ដុល្លារអាមេរិក) ក្នុងមួយ​ម៉ោងវិញ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​នៅមុននេះបន្តិចពី សារព័ត៌មាន Channel News Asia នារសៀល​ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

អាកាសយានដ្ឋាន​អន្តរជាតិទីក្រុង​ប៊ែរឡាំង​ចំនួនពីរ​គឺ Tegel និង​ Schoenefeld បានអះអាង​រួមគ្នាថា ជើងហោះហើរ​សរុបទាំងក្នុង​ស្រុក និងក្រៅស្រុក​ចំនួនសរុប ៤៥៩ជើង​​ត្រូវបាន​លុបចោល ហើយ​ដែលការតវ៉ា​​បានចាប់ផ្តើម​ឡើងតាមគ្រោង​ទុក​រយៈពេល ២៥ម៉ោង ដែលបានចាប់ផ្តើម​នៅវេលាម៉ោង ៤៖០០នាទី​​ទៀបភ្លឺ​ថ្ងៃសុក្រនេះ ម៉ោងនៅ​ទីក្រុង​ប៊ែរឡាំង ត្រូវនឹង​ម៉ោង ៣៖០០នាទីម៉ោង​សកល។

គួរបញ្ជាក់ថា​អាកាសចរណ៍​ដែលទទួលរង​ផលប៉ះពាល់ពេលនេះ​មានដូចជា Air Berlin, Lufthansa, easyHet, និង Ryanair ផងដែរ​។ លោក Enrico Ruemker ដែលជាមេដឹកនាំ​ក្រុមអ្នកតវ៉ា​ខាងលើនេះ​អះអាងថា «យើងត្រៀមខ្លួនរួចរាល់ហើយ​ដើម្បីធ្វើការពិភា​ក្សា​គ្នា ដែលជាពិតណាស់នឹងត្រូវធ្វើឡើង​​នៅ​ចុងសប្តាហ៍នេះ»។ ដោយឡែកប្រតិបត្តិករ​​នៅព្រលាន​យន្តហោះ​ទាំងពីរ បានប្រាប់អ្នក​ដំណើរ​ទាំងអស់ ឲ្យត្រៀម​ក្នុងការ​ពិនិត្យ​​ជើងហោះហើរ​របស់ខ្លួនឡើងវិញ នៅពេល​បញ្ចប់ការតវ៉ា៕