(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានទទួល​ស្គាល់ហើយថា​ប្រព័ន្ធកុំព្យូទ័រ​របស់ទីភ្នាក់ងារ​ចារកម្ម CIA គឺចាស់​ហួសសម័យ និងគួរតែត្រូវ​ធ្វើបច្ចុប្បន្ន​ភាព​ឡើងវិញ ខណៈបញ្ហា​ទាក់​ទងនឹងការបែក​ធ្លាយឯកសារ​សម្ងាត់របសើ CIA នោះមិនត្រូវបានធ្វើការ​បកស្រាយ​នោះឡើយ ដោយអតីត​មហាសេដ្ឋីរូបនេះ​គ្រាន់តែសម្តែងក្តី​ព្រួយបារម្ភថាវានឹងអាច​បង្កផលប៉ះពាល់​ដល់សន្តិសុខ​ជាតិប៉ុណ្ណោះ។ នេះបើតាម​អ្នកនាំ​ពាក្យ​សេតវិមាន លោក សន ស្ពៃសឺ (Sean Spicer) ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

កាលពីថ្ងៃពុធ​កន្លងទៅ​លោក ត្រាំ ផ្ទាល់ក៏​បានបង្ហាញពី​ការព្រួយបារម្ភ​ផងដែរ ចំពោះព័ត៌មាន​ស្ដីពីការ​លេចធ្លាយ​ឯកសារ​សម្ងាត់ CIA ដែល​ចេញផ្សាយ​ដោយ​គេហទំព័រ Wikileaks។ មិនតែប៉ុណ្ណោះ​លោកថែមទំាងបាន​សន្យាជាមុនថា បើសិនជា​ព័ត៌មានជា​ការពិត នោះអ្នក​ទទួលខុសត្រូវ​លើការបែកធ្លាយ ឯកសារសម្ងាត់នេះនឹងត្រូវទទួលទោស​តាមច្បាប់។ ដោយឡែក​ជុំវិញ​បញ្ហាដ៏​ចម្រូងចម្រាស​នេះដែរ អ្នកនាំពាក្យ​សេតវិមាន លោក សន ស្ពៃសឺ បានថ្លែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃព្រហស្បតិ៍​ថា «គាត់ (លោក ត្រាំ) ជឿជាក់ថា​ប្រព័ន្ធ​កុំព្យូទ័រ របស់ CIA​ គឺចាស់ហួស​សម័យ និងគួរតែត្រូវ​បានធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ។ លើសពីនេះ​ទៅទៀត លោក​ប្រធានាធិបតី​ពិត​មានជាការព្រួយបារម្ភ​ជាខ្លំាងទាក់ទិន​នឹងព័ត៌មាននៃ​ការបែកធ្លាយឯកសារ​សម្ងាត់ CIA ដែល​អាចជា​ការ​គំរាមកំហែង​​មួយដល់​​សន្តិសុខជាតិ​របស់​អាមេរិក»

គួរបញ្ជាក់ថា​បើយោង​តាមឯកសារ​សម្ងាត់​លេចធ្លាយ​ជាង ៨,៧៦១ច្បាប់ ក្រោមលេខកូដ Vault7 ស្ដីពី​សមត្ថភាព Hack របស់CIA ទីភ្នាក់ងារចារកម្ម​អាមេរិក​មួយនេះ អាចគ្រប់គ្រង​ទូរស័ព្ទដៃស្មាតហ្វូន​ដល់ទៅ​ ៨៥ភាគរយ នៅទូទាំងពិភពលោក​ស្របពេល CIA បានផលិតវីរុស​ព្រមទំាងកម្មវិធី​រាប់ពាន់ដែល​អនុញ្ញាតឱ្យ​ខ្លួនចូល Hack ប្រមូលសារ​ឆ្លើយឆ្លងឬ Messages នៅលើកម្មវិធី WhatsApp Weibo Clockman កុំព្យូរទ័រ ទូរទស្សន៍ និងរថយន្ដទំនើបៗ​ជាដើម ដើម្បីឆ្លបយកការណ៍​លើអ្នកប្រើប្រាស់។ ទោះបីជា​យ៉ាងនេះក្តី CIA បានបដិសេធ​ទទួលស្គាល់​ភាពត្រឹមត្រូវ​នៃឯកសារ Vault7 រីឯ FBI កំពុង ធ្វើការ​ស៊ើបអង្កេត​លើករណីលេចធ្លាយ​ឯកសារ​សម្ងាត់នេះ៕