(សេអ៊ូល)៖ បាតុករចំនួនពីរនាក់បានស្លាប់ បន្ទាប់ពីបានទទួលរងរបួសយ៉ាងទម្ងន់ នៅក្នុងសកម្មភាពតវ៉ាចំពោះ​ការ​ចោទប្រកាន់នានា​លើលោកស្រី ផាក គឺនហេ នៅព្រឹកថ្ងៃសុក្រនេះ និងសម្តែងការគាំទ្រ​អតីតប្រធានាធិបតី​ដែល​ទើបត្រូវ​បានតុលាការធម្មនុញ្ញ​សម្រេចទម្លាក់ចេញពី​តំណែង មិនបានប៉ុន្មានម៉ោងផងនោះ។ នេះបើ​តាមបណ្តាញ​ព័ត៌មានទាន់​ហេតុការណ៍ ចេញផ្សាយ​ដោយដកស្រង់​ប្រភពពីសារព័ត៌មាន​កូរ៉េខាងត្បូង​នៅមុននេះបន្តិច នារសៀល​ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​នៅព្រឹកថ្ងៃសុក្រនេះ បានចេញ​សាលក្រមសម្រេចទម្លាក់លោក​ស្រី ផាក គឺនហេ ចេញពីតំណែង​ប្រធានាធិបតី ហើយ បន្ទាប់ពីលោកស្រី​ផុងខ្លួន​នៅក្នុងរឿងអាស្រូវ​ពុករលួយ​នយោបាយ​ ឆយ ស៊ូនស៊ីល ហើយតាម​រយៈការសម្រេច​ចិត្តនេះ ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃ​បន្ទាប់។

គួរបញ្ជាក់ថាចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងសំឡេងគំាទ្រ ៨ទល់នឹង០ ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅវេលាមព្រឹកម៉ោង​១១៖០០នាទី​ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុង​​ទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀត​តាមរយៈការសម្រេចចិត្ត​នេះ លោកស្រី ផាក បានក្លាយជា​ប្រមុខរដ្ឋដំបូងគេ​បំផុតនៅក្នុង​ប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបាន​ទម្លាក់ចេញពី​តំណែងក្នុងពេល​កំពុងកាន់តួនាទី៕