(សេអ៊ូល)៖ អ៊ីតាលី​បច្ចុប្បន្នកំពុង​ប្រកាន់គោលជំហរ ​មិនព្រមផ្តល់​សិទ្ធិ​អនុញ្ញាតដល់​មន្រ្តី​ទូតកូរ៉េខាង​ជើង​ដែល​ទើបត្រូវបាន​តែងតាំងថ្មី​ ឲ្យ​ចូល​ទៅកាន់ប្រទេសអឺរ៉ុប​នេះ​ឡើយ ដែលវា​គឺជាផ្នែក​នៃកិច្ចខិតខំ​ប្រឹងប្រែង​របស់ប្រទេស​​អ៊ីតាលី ក្នុងការអនុវត្តន៍​ទណ្ឌកម្ម​របស់​​អង្គការ​សហប្រជាជាតិ​ប្រឆាំងនឹង​របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង ជុំវិញ​ការធ្វើតេស្ត​មីស៊ីល និងអាវុធនុយក្លេអ៊ែរ​របស់ប្រទេស​កុម្មុយនិស្ត​មួយនេះ។ នេះ​បើតាម​ការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែក​លើ​​សេចក្តី​រាយការណ៍​នៃប្រព័ន្ធផ្សាយមួយ​របស់​សហរដ្ឋអាមេរិក។

យោងតាម​ប្រភពព័ត៌មាន​ខាងលើ នៅក្នុងរបាយការណ៍​ចំនួន០៦​ទំព័រ​របស់ខ្លួនជូន​ចំពោះ​អង្គការ​សហប្រជាជាតិ (UN) ប្រទេស​អ៊ីតាលី​ដែល​ជាប្រធាន​គណកម្មាធិការ​នៃក្រុមប្រឹក្សា​សន្តិសុខ​ទទួល​បន្ទុកលើ ការអនុវត្តន៍​ទណ្ឌកម្ម​នៃសេចក្តី​សម្រេច​លេខ​១៧១៨ ទៅលើ​​របប​ដឹក​នាំ​​ទីក្រុង​ព្យុងយ៉ាង បានបញ្ជាក់​ប្រាប់ថា​ ខ្លួនកំពុង​តែអនុវត្តន៍​យ៉ាងខ្ជាប់ខ្ជួន​នូវជំពូកមួយ​នៃសេចក្តី​សម្រេច​លេខ​ ២៣២១​ ដែលស្នើឲ្យ​ប្រជាជាតិ​​ជា​សមាជិក UN កាត់បន្ថយ​ចំនួនមន្រ្តី​ទូតកូរ៉េខាងជើង​នៅតាមប្រទេស​រៀងៗខ្លួន។

ប្រភពព័ត៌មានដដែល​បានឲ្យដឹង​ទៀតថា នីតិវិធី​នៃការទទួលស្គាល់​ជាផ្លូវការនូវ​មន្រ្តីថ្នាក់​ទីបី ដែល​នឹង​ត្រូវ​ទៅជំនួស​​ទីប្រឹក្សា​​​នយោ​បាយ​​នៅ​ឯស្ថានទូត​កូរ៉េខាងជើង​ក្នុងទីក្រុងរ៉ូមនោះ បានជាប់គាំង​ចាប់តាំង​ពីខែធ្នូ ឆ្នាំ២០១៦​មកម្ល៉េះ។

គួរបញ្ជាក់ថា​លើសពីនេះ​ទៀត អាជ្ញាធរអ៊ីតាលី​ក៏បានបង្ខំ​សិស្សនិសិ្សត​កូរ៉េខាងជើង ដែលកំពុង​សិក្សាមុខ​ជំនាញទាក់ទង​នឹង​នុយក្លេ​អ៊ែរ ឲ្យធ្វើការ​ផ្លាស់ប្តូរមុខ​ជំនាញសិក្សា​របស់ខ្លួន​ជាបន្ទាន់ ជាការអនុឡោម​តាមជំពូកមួយ​ផ្សេងទៀត​នៃសេចក្តី​សម្រេច​លេខ​ ២៣២១ ដែលអំពាវ​នាវដល់​បណ្តាប្រទេស​ជាសមាជិក​នៃអង្គការ​សហប្រជាជាតិ កុំផ្តល់ឲ្យ​ជនជាតិ​កូរ៉េខាងជើងនូវការបង្ហាត់​បង្រៀន​ណា ដែលអាច​ចូលរួម​ចំណែក​ក្នុងសកម្មភាព​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​នោះឡើយ៕