(​ប៉េកាំង)៖ នាយករដ្ឋមន្ត្រី​ចិនលោក Li Keqiang បានប្រគល់ជូន​សភានៃសាធារណរដ្ឋប្រជាមានិតចិន នូវរបាយការណ៍​ការងារ​ប្រចាំឆ្នាំ​របស់​រដ្ឋាភិបាល​ចិន ក៏ដូចជា​គោលនយោបាយ​ជាអាទិភាព​សំខាន់សម្រាប់​ឆ្នាំ២០១៧ ជាពិសេសទៅលើថវិកាជាតិបន្ថែមសម្រាប់យោធា និងការបង្កើនសមត្ថភាពរក្សាការពារ​ដែន​សមុទ្ររបស់ចិនផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​គេហទំព័រ Global Policy Watch នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅ​ចំពោះមុខ​កិច្ចប្រជុំ​ពេញអង្គសភា​ជាតិ កាលពីថ្ងៃអាទិត្យ​សប្ដាហ៍​មុន លោក  Li Keqiang បានធ្វើ​បទបង្ហាញ​ពីគោលនយោបាយ​សេដ្ឋកិច្ច និង​ការបរទេស​សម្រាប់​ឆ្នាំ២០១៧ ក្នុងនោះរួមមាន​ដូចជា រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និងកំណែទម្រង់​ប្ដេជ្ញាកាត់​បន្ថយការ​បំពុលខ្យល់​អាកាស ការបង្កើនកិច្ចខិតខំប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹងភាពក្រីក្រ ធានាឱ្យបាន​នូវតួនាទី​ជាអចិន្ត្រៃយ៍​របស់ចិន​នៅលើឆាក​អន្តរជាតិ ព្រមទំាងបាន​អំពាវនាវ​ផងដែរ​ឱ្យមានការ យកចិត្តទុក​ដាក់ខ្ពស់​ចំពោះគោលនយោបាយ​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ២០១៧ ហើយថែមទំាង​សន្យាថា​រដ្ឋាភិបាលចិន​នឹងបង្កើត​ការងារថ្មី​ឱ្យបាន១១លាន​កន្លែង​ទៀតផង។

ដោយឡែក​ទាក់ទិននឹង​គោលនយោបាយ​ការបរទេស លោក លី បានគូសបញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នឹងបង្កើន​សកម្មភាព​ចូលរួមចំណែក​ក្នុង​អភិបាលកិច្ច​ពិភពលោក ពាណិជ្ជកម្ម​អន្តរជាតិ និងកិច្ចខិតខំ​ប្រឹងប្រែងរក្សា​សន្តិភាព​ជាដើម។ ក៏ប៉ុន្តែក្រៅតែ​ពីរឿង​សេដ្ឋកិច្ច និងគោល​នយោបាយ​ការបរទេស នាយករដ្ឋមន្ត្រី​ចិនរូបនេះ​ក៏មិនភ្លេច​ដែរ ក្នុងការបញ្ជាក់ពី​ការពង្រឹង​សមត្ថភាពការពារ​ដែនសមុទ្រ និងបង្កើន​កញ្ចប់ថវិកា​យោធា ខណៈចិន​កំពុងមាន ជម្លោះដែនទឹក​ជាមួយបណ្ដា​ប្រទេសនៅ​ក្នុងតំបន់ លើសំណុំរឿង​សមុទ្រចិនខាងត្បូង៕