(វ៉ាស៊ីនតោន)៖ រូបភាពផ្តិតយក​ដោយផ្កាយរណប​នាពេលថ្មីៗ​នេះ បានបង្ហាញ​ឲ្យឃើញពី​សកម្មភាពយ៉ាង​មមាញឹក​បន្តបន្ទាប់​ នៅឯ​មូលដ្ឋាន​សម្រាប់​ធ្វើតេស្តអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែលនេះ​អាចជាកិច្ច​ខិតខំប្រឹងប្រែង​មួយ​ ដើម្បីត្រៀម​រៀបចំ​សម្រាប់ការ​បំផ្ទុះសាកល្បង​ក្បាលគ្រាប់​នុយក្លេអ៊ែរ​លើកទី០៦ របស់របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។ នេះបើ​តាម​ការចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌​មាន​​​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែក​លើគេហ​ទំព័រ​​មួយ​របស់​​​សហ​រដ្ឋ​អា​មេរិក ដែល​មាន​​នាទី​ឃ្លាំ​មើល​​ប្រទេស​កុម្មុយនិស្ត​​មួយនេះ។

យោងតាម​សេចក្តីរាយការណ៍​របស់​គេហទំព័រ 38 North រូបភាពពី​ផ្កាយរណប​ពាណិជ្ជកម្ម​ដែលត្រូវបានផ្តិតយក​កាលពីថ្ងៃ​ទី០៧ ខែមីនានេះ​ ទៅលើ​ទីតាំងធ្វើតេស្ត​នុយក្លេអ៊ែរ Puggye-Ri បានបង្ហាញឲ្យ​ឃើញពីសកម្មភាព​​យ៉ាងមមាញឹក​នៅ North Portal ដែល​ជា​តំបន់​​រដ្ឋ​បាល​ ​និង​ទីបញ្ជាការយោធាដ៏សំខាន់របស់កូរ៉េខាងជើង។

របាយការណ៍​របស់ 38 North បានលើកឡើងថា «ជារួមសកម្មភាព​ទាំងនេះអាច​ឲ្យតំរុយថា កូរ៉េខាងជើង​នៅតែបន្តរៀបចំ​ផ្លូវរូងក្រោមដី​​នៅ​ឯតំបន់ North Portal សម្រាប់ការ​ធ្វើតេស្តនុយក្លេអ៊ែរ​នាពេលអនាគត។ ម៉្យាងវិញទៀតវា​ក៏បង្ហាញ​ដែរថា ទីតាំង Punggye-Ri មាន​សមត្ថភាព​សម្រាប់​ការបំផ្ទុះសាកល្បង​គ្រាប់នុយក្លេអ៊ែរ​ជាលើកទី០៦​ តាមការ​ឲ្យដំណឹង​ក្នុងរយៈពេល​ខ្លីបាន បន្ទាប់ពី​ក្បាលគ្រាប់​នុយក្លេ​អ៊ែរ​ និងបរិក្ខា​ត្រួតពិនិត្យ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ត្រូវបានបញ្ជូន​ទៅដល់ភ្លាមៗ​»

គួរបញ្ជាក់ថា​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង​បានធ្វើបំផ្ទុះសាកល្បង​ ក្បាលគ្រាប់​នុយក្លេអ៊ែរ​លើកទី០៥ ​ដោយជោគជ័យ​កាលពីថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ហើយបើ​យោងតាមក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង កូរ៉េខាង​ជើង​​អាច​ធ្វើ​តេស្ត​​នុយ​ក្លេអ៊ែរ​​បាន​នៅ​គ្រប់​ពេល​វេលា​​ទាំង​អស់ ប្រសិន​ប្រមុខដឹកនាំ​កំពូលលោក គីម ជុងអ៊ុន ចេញបញ្ជា​ឲ្យធ្វើដូច្នោះ​នោះ៕