(គូឡាឡាំពួ)៖ ខណៈពេល​ដែលម៉ាឡេស៊ី និងកូរ៉េខាងជើង​កំពុងខិតខំប្រឹងប្រែង​ដោយអស់​ពីលទ្ធភាព ដើម្បីដោះស្រាយ​ជម្លោះការទូត​រវាង​រដ្ឋាភិបាល​នៃប្រទេសទាំងពីរ​នោះ នាពេលនេះ​ការយកចិត្ត​ទុកដាក់​សំខាន់កំពុង​ផ្តោតទៅលើ​ខ្សែបណ្តាញ​ចារកម្មជាជនជាតិ​កូរ៉េខាងជើង​​ ដែលមាន​វត្តមានមិ​នក្រោម ១,០០០នាក់​នោះឡើយ​នៅក្នុងប្រទេស​ម៉ាឡេស៊ី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

ការលួចធ្វើឃាត​លោក គីម ជុងណាំ ដែលជា​បងប្រុសម្តាយទីទៃ​របស់មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន នៅឯអាកាសយានដ្ឋាន​​អន្តរ​ជាតិគូឡាឡាំពួ កាលពីបីសប្តាហ៍មុនបានបង្ក​ឲ្យមានការ​ចាប់អារម្មណ៍​ខ្លាំងទៅ លើការធ្វើចារកម្ម​របស់រដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​នៅ​ម៉ាឡេស៊ី។

យោងតាម​ប្រភពមួយ​ដែលបានបង្ហើប​ប្រាប់ទីភ្នាក់ងារព័ត៌មាន​ម៉ាឡេស៊ី Bernama ថាវត្តមាន​របស់ប្រជាជន​កូរ៉េខាងជើង ដែល​កំពុង​​ក្លែង​បន្លំ​ខ្លួន​នៅ​ពី​ក្រោយ​​​អាជីព​ជាច្រើនខុសៗ​គ្នានោះ​ ត្រូវ​បានរៀបចំឡើង​ក្នុងគោលបំណង​បង្កើតបណ្តាញ​ស៊ើបការណ៍សម្ងាត់​ដ៏ជំនាញមួយ។ ប្រភពដែល​បានឲ្យដឹង​ទៀតថា វាគ្មានអ្វី​ពិបាកយល់​នោះឡើយថា​ ហេតុអ្វីបាន​ជាជនជាតិកូរ៉េខាងជើង​ភាគច្រើន​កំពុងបំពេញ​ការងារ​ជា​អ្នក​ឯកទេស​ផ្នែក​ព័ត៌មានវិទ្យា (IT) និងក្លែងបន្លំ​ខ្លួននៅពី​ក្រោយបណ្តា​ក្រុមហ៊ុន​ក្នុងស្រុក​ជាច្រើន​ក្នុងក្រុង Cyberjaya ដើម្បីជួយ​ពួកគេប្រមូល​​ទិន្នន័យ និងព័ត៌មាន​ពីខាងក្នុង។

ប្រភពមិន​បញ្ចេញអត្តសញ្ញាណ​នេះបានលើក​ឡើង​ដូច្នេះថា «ទាំងនេះពុំមាន​មនុស្សធម្មតា​នោះឡើយ ពីព្រោះ​ពួកគេត្រូវ​បាន​បង្វឹក​ ​និង​បង្ហាត់​​យ៉ាងស្ទាត់​ជំនាញ នៅមុនពេល​ដែលត្រូវ​បានជ្រើសរើស​ដោយរដ្ឋាភិបាល​កូរ៉េខាងជើង ដើម្បីបញ្ជូន​ទៅធ្វើការ​នៅក្រៅ​ប្រទេស។ ម៉្យាងវិញ​​ទៀតស្រប​ពេលដែល​ទទួលបានការ​ឧបត្ថម្ភពីបណ្តា​ក្រុមហ៊ុន​ក្នុងស្រុក វត្តមានរបស់ពួកគេ​នៅម៉ាឡេស៊ី​មិនមែន​ត្រឹមតែដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិតឡើយ តែថែមទាំង​ធ្វើជាភ្នាក់ងារចារកិច្ច​ពោរពេញ​ដោយសមត្ថភាព​ទៀតផង​។»

គួរបញ្ជាក់ថា​យោងតាមប្រភព​ខាងលើ ក្រុមមនុស្សទាំង​នេះគឺជាផ្នែក​នៃជនជាតិ​កូរ៉េខាងជើង​សរុបប្រហែលជា​ ១០០,០០០នាក់​ដែលកំពុង​ធ្វើការនៅ​ក្រៅប្រទេស​ជុំវិញពិភពលោក ហើយបាន​ក្លាយជា​ធនធាន​ដ៏មានសារៈ​សំខាន់បំផុត​សម្រាប់​របបដឹកនាំ​ទីក្រុង​ព្យុងយ៉ាង ដោយ​សារតែ​ពួកគេទាំង​នោះ ក៏បាន​និងកំពុង​បន្តបញ្ជូន​ថវិកា​ដែលរកបាន​ទៅកាន់ប្រទេស​កំណើត​របស់ពួកគេ​ផងដែរ។ លើសពីនេះ​ទៀត​ ជនជាតិ​កូរ៉េខាងជើង​នៅឯក្រៅ​ប្រទេស តម្រូវឲ្យ​ធ្វើសេចក្តីរាយការណ៍​ជូនស្ថានទូត​របស់ពួកគេ​ជារៀងរាល់ខែ និងឆ្លតកាត់​ការសាកសួរ​យកការណ៍​ថែមទៀតផង៕