(ម៉ូស្គូ)៖ នៅក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូន បុរសខ្លាំងរុស្ស៊ី​បានអំពាវនាវ​ឲ្យប្រទេសអ៊ីស្រាអែល​​ផ្តោតការយកចិត្ត​ទុកដាក់ដ៏សំខាន់ទៅលើ កិច្ចការអន្តរជាតិ ហើយសូម​កុំមើល​ប្រទេស​អ៊ីរ៉ង់​​ដូចកាលពី​​នៅសម័យ ៥០០ឆ្នាំ​មុនគ.សនោះ។ នេះបើតាម​ការចេញផ្សាយ ដោយ​សារព័ត៌មាន​រុស្ស៊ី RT នាព្រឹក​ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ពូទីន នោះលោក ណឺតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងដូច្នេះ​ថា «អតីតចក្រពត្តិ Persia មានចេតនាមួយ​ក្នុងការបំផ្លាញ​ជនជាតិជ្វីប ប៉ុន្តែមិនបាន​សម្រេច​កាលពី ២,៥០០ឆ្នាំមុន ហើយមកដល់សព្វថ្ងៃនេះ​អ្នកស្នងពួក Persia (អ៊ីរ៉ង់) ក៏កំពុងដើរ​តាមគន្លង​ចាស់​ក្នុងការបំផ្លាញ​​រដ្ឋរបស់ជនជាតិជ្វីប (អ៊ីស្រាអែល) បន្តទៀត»

លោក ពូទីន និងលោក ណឺតាន់យ៉ាហ៊ូ បានជួបពិភាក្សា​គ្នាដ៏កម្រនៅ​ទីក្រុងម៉ូស្គូ ដោយផ្តោតសំខាន់​​ទៅលើ​ការប្រយុទ្ធប្រឆាំង​នឹងអំពើ​ភេរវកម្ម, វិបត្តិនៅស៊ីរី, និងទំនាក់ទំនង​ដ៏តានតឹងរវាង​អ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយដែលគ្រប់គ្នា​បានដឹងហើយថា ទីក្រុងតេហេរ៉ង់​គឺជាសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់​ជាមួយទីក្រុងម៉ូស្គូ ដូច្នេះទីក្រុងម៉ូស្គូ​ដ៏ចង់ឲ្យអ៊ីស្រាអែល​ ព្យាយាមបន្ថយ​ឥទ្ធិពល​នៃជម្លោះរវាង​គ្នាផងដែរ៕