(ឡុងដ៏)៖ ផ្អែកលើ​ឯកសារ​សម្ងាត់ Vault7 ដែលត្រូវបាន​ទម្លាយដោយ​គេហទំព័រ Wikileaks ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក CIA អាចមាន​លទ្ធភាព Hack និងប្រមូល​សារឆ្លើយឆ្លង ឬ Messages នៅលើ WhatsApp និងកម្មវិធី​ទូរស័ព្ទដៃជាច្រើន​ផ្សេងទៀតត្បិត CIA បានតាមដាន​ក៏ដូចជាកំពុង​គ្រប់គ្រងទូរស័ព្ទដៃស្មាត​ដល់ទៅ​ ៨៥ភាគរយ នៅទូទំាង​ពិភពលោក។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Russian Today និងបណ្តាញសារព័ត៌មានធំៗនៅលើពិភពលោក នៅមុននេះបន្តិចនា​ល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

​យោងតាម​ឯកសារ​សម្ងាត់​លេចធ្លាយ​ជាង៨,៧៦១ច្បាប់​ក្រោមលេខកូដ Vault7 ស្ដីពី​សមត្ថភាព Hack របស់ CIA ប្រព័ន្ធ​កម្មវិធី Android នៃ​ក្រុមហ៊ុន Google ដែលប្រើ​នៅលើ​ទូរស័ព្ទដៃស្មាតហ្វូន​ជាង​ ៨៥ភាគរយ នៅទូទំាង​ពិភពលោក ​​ជាពិសេសគឺ​ផលិត​ដោយក្រុមហ៊ុន Samsung និង Sony ជាដើម​ត្រូវបាន​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក CIA មួយនេះគ្រប់គ្រង​ និងប្រើប្រាស់​ដើម្បីបញ្ជាក់ពី​អត្តសញ្ញាណ និងប្រមូល​ព័ត៌មាន ឬក៏ទិន្នន័យសម្ងាត់របស់​អ្នកប្រើប្រាស់។

ជាងនេះទៅទៀត CIA ក៏បានផលិតវីរុស​ព្រមទំាងកម្មវិធី​រាប់ពាន់ ដែលអនុញ្ញាត​ឱ្យខ្លួនចូល Hack ប្រមូលសារ​ឆ្លើយឆ្លង​នៅលើ​កម្មវិធី WhatsApp, Weibo និង Clockman ចំណែក​ឯកសារជា​អក្សរ ឬជាសំឡេង​ក៏ត្រូវបាន CIA Hack ផងដែរ។

គួរបញ្ជាក់​កាលពីថ្ងៃអង្គារ Wikileaks បានចេញផ្សាយ​ឯកសារសម្ងាត់​ក្រោមលេខ​កូដ Vault 7 ដោយក្នុងនោះ​ផ្នែកទីមួយហៅថា Year Zero មានឯកសារ​ជាង ៨,៧៦១ច្បាប់​ដែលនិយាយពី​សមត្ថភាព Hack របស់ CIA ក្នុងការប្រមូល​យកទិន្នន័យ និងគ្រប់គ្រង​លើឧបករណ៍​អេឡិចត្រូនិច​ដូចជា ទូរស័ព្ទដៃ​ស្មាតហ្វូន កុំព្យូរទ័រ ទូរទស្សន៍ និងរថយន្ដទំនើប ដើម្បីឆ្លបយកការណ៍​លើអ្នកប្រើប្រាស់។ ទោះបីជា​យ៉ាងណា CIA បានបដិសេធ​ទទួលស្គាល់​ភាពត្រឹមត្រូវ​​នៃឯកសារ​ Vault7 ខណៈ FBI កំពុងធ្វើការ​ស៊ើបអង្កេត​លើករណីលេចធ្លាយ​ឯកសារសម្ងាត់នេះ​ហើយ៕