(បាកដាដ)៖ អាជ្ញាធរអ៊ីរ៉ាក់​នៅថ្ងៃព្រហស្បតិ៍​នេះ​បានឱ្យដឹងថា មនុស្សយ៉ាង​ហោច​ណាស់ ២៦នាក់បានស្លាប់ និង២៤នាក់​ផ្សេងទៀត​បានរងរបួស នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត​ពីរលើក​នៅឯ​ពិធីមង្គលការ​​មួយស្ថិតនៅ​​ភាគខាងជើង​ខេត្ត Salahudin។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែល​បានបញ្ជាក់​ទៀតថា ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក​ដ៏អាក្រក់នេះ បានកើតឡើង​កាលពី​ថ្ងៃយប់ថ្ងៃពុធដោយក្រុមជន​សកម្មប្រយុទ្ធ​បានបំផ្ទុះ​គ្រាប់បែក សម្លាប់ខ្លួនឯង​នៅពិធី​មង្គលការ​ក្នុងភូមិ Hajjaj ស្ថិតនៅ​ចំងាយ១៨៥គីឡូម៉ែត្រ​ពីរដ្ឋធានី​បាកដាដ។ បន្ថែមពី​លើនេះ ជនបំផ្ទុះអត្តឃាតទីបី​ក៏បម្រុងសំរុក​ចូលក្នុង​រោងការផងដែរ ក៏ប៉ុន្តែ​គ្រាប់បែក​បែរជាផ្ទុះ មុនពេល​ចុចបំផ្ទុះ។  

គួរបញ្ជាក់ថា​ពុំទាន់មាន​ក្រុមណាមួយ​ចេញមុខទទួលខុស​ត្រូវនៅឡើយទេ ក៏ប៉ុន្តែក្រុមសកម្មប្រយុទ្ធ ISIS តែងតែដឹកនាំ​សកម្មភាពវាយប្រហារ​បំផ្ទុះគ្រាប់បែក​ប្រឆាំង​នឹងកងកម្លាំង​រដ្ឋាភិបាល និងប្រជាជន​ស៊ីវិល នៅអ៊ីរ៉ាក់ជារឿយៗ៕